(ម៉ានីល)៖ ព្រឹត្តិការណ៍លំដាប់អន្តរជាតិ «ONE Championship: Masters of Fate» នឹងវិលត្រឡប់មកអង្រួនអារម្មណ៍ ទស្សនិកជនសារជាថ្មី ដែលនឹងប្រព្រឹត្តទៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្អែកនេះ​ ខណៈទស្សនិកជនកម្ពុជា ដែលស្នេហាវិស័យកីឡា កំពុងទន្ទឹងរង់ចាំទស្សនាយ៉ាងអន្ទះសារ ទៅលើគូប្រកួតកីឡាករកម្ពុជា ខុន ស៊ីចាន់ នៅក្នុងព្រឹត្តិការណ៍នេះ។

ទស្សនិកជននៅកម្ពុជា កំពុងរង់ចាំតាមដានគូប្រកួត ដ៏ជក់ចិត្តរវាងកីឡាករកម្ពុជា ខុន ស៊ីចាន់ ដែលត្រូវប៉ះជាមួយកីឡាករមកពីប្រទេសឥណ្ឌា Roshan Mainam​។ ទន្ទឹមនេះ ក៏មានគូប្រកួតផ្សេងៗចំនួន ១១គូទៀត​ នៅក្នុងព្រឹត្តិការណ៍ ONE Championship: Masters of Fate ​ដោយមានផ្សាយបន្តផ្ទាល់ ​នៅស្ថានីយទូរទស្សន៍ CTN និង Facebook Page CTN ចាប់ពីម៉ោង១៩៖៣០នាទី តទៅ។

ក្នុងសប្ដាហ៍នេះ ប្រិយមិត្តច្បាស់ជាជក់ចិត្ត ជាមួយនឹងការបង្ហាញនូវសមត្ថភាព របស់កីឡាករម្នាក់ៗ ដើម្បីកសាងភាពល្បីល្បាញរបស់ពួកគេបន្ថែមទៀត។ តើនរណាខ្លះ នឹងក្លាយជាជើងខ្លាំង នៅយប់ថ្ងៃសុក្រស្អែកនេះ? សូមប្រិយមិត្តរង់ចាំទស្សនាព្រឹត្តិការណ៍នេះ តាមកញ្ចក់ទូរទស្សន៍ CTN និង Facebook Page CTN​៕