​(ភ្នំពេញ)៖ សណ្ឋាគារ «ភែលេស ហ្គេត ហូថេល និង រីហ្សត» របស់ប្រទេសកម្ពុជា ត្រូវបានផ្តល់ជូននូវពានរង្វាន់ជា «សណ្ឋាគារ​ដ៏ល្អឆ្នើមប្រចាំតំបន់អាស៊ី» (The Best Charming Hotel in Asia 2019) កាលពីថ្ងៃទី១៤ តុលា ឆ្នាំ២០១៩ នៅ Chateau De Ferrieres ប្រទេសបារាំង ដោយមានការចូលរួម​ពីសំណាក់ លោកបណ្ឌិត ចែម វីឌ្យ៉ា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង​ ដោយបានឆ្លងកាត់វគ្គជម្រុះ ​ការត្រួតពិនិត្យ និងវាយតម្លៃយ៉ាងសុក្រិត និងសំរិតសំរាំង ពីគណៈកម្មការនៃស្ថាប័ន Prix Villegiature នៃប្រទេសបារាំង។​

ពិធីប្រកាសពីការឈ្នះពានរង្វាន់ជាផ្លូវការ​ ត្រូវបានធ្វើឡើងនៅក្នុងសណ្ឋាគារ ហ្គេត ហូថេល និង រីហ្សត ​ផ្ទាល់ នៅរសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដោយមានការចូលរួមពីសំណាក់ លោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍, លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគនទេសចេណ៍កម្ពុជា, លោក HUN FAZ នាយកប្រតិបត្តិនៃសណ្ឋាគារ Palace Gate Hotel & Resort’s, លោក ធី សុធា អ្នកគ្រប់គ្រងទូទៅសណ្ឋាគារ Palace Gate Hotel & Resort’s ព្រមទាំងភ្ញៀវកិត្តិយសជាច្រើននាក់ទៀត។

លោក ធី សុធា អ្នកគ្រប់គ្រងទូទៅសណ្ឋាគារ Palace Gate គណៈកម្មការនៃស្ថាប័ន Prix Villegiature មុននឹងជ្រើសរើស ឲ្យទទួលបានពានរង្វាន់ «The Best Charming Hotel in Asia 2019» ក្នុងការប្រកួតប្រជែង នៅប្រទេសបារាំង​​​ គឺគណៈកម្មការ បានវាយតម្លៃទៅលើ កត្តារួមផ្សំសំខាន់ៗចំនួនពីរ, ទី១ គឺផ្តោតលើស្ថាបត្យកម្មរបស់សណ្ឋាគារ ដែលមានការផ្សារភ្ជាប់ទៅនឹង វប្បធម៌ សាសនា ពីបុរាណកាលជាប្រវតិ្តសាស្រ្តរបស់ខ្មែរ និងទី២ ការទទួលបាននូវការពេញចិត្ត និងការវាយតម្លៃខ្ពស់លើផ្នែកបម្រើសេវាកម្ម ជូនភ្ញៀវដែលបានមកស្នាក់នៅ។

លោកបន្តថា អាចចាត់ទុកថា នេះជាមោទនភាព និងជាសមិទ្ធផល ជាប្រវត្តិសាស្រ្តមួយសម្រាប់ប្រទេសកម្ពុជាទាំងមូល ដែលមាន​សណ្ឋាគារប្រណិតមួយនេះ ដណ្តើមបានពានរង្វាន់ជាសណ្ឋាគារដ៏ល្អ​ ឆ្នើមប្រចាំតំបន់អាស៊ី លើឆាកអន្តរជាតិ។

លោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងកោតសរសើរចំពោះសណ្ឋាគារ Palace Gate Hotel & Resort’s ដែលបានខិតខំប្រឹងប្រែងបម្រើជូននូវសេវាកម្ម ក៏ដូចជាប្រណិបត្តិបដិសណ្ឋាកិច្ចភ្ញៀវជាតិ និងអន្តរជាតិបានខ្ជាប់ខ្ជួន រហូតឈ្នះពានរង្វាន់ពីប្រទេសបារាំង។ លោកបានសង្កត់ធ្ងន់ថា សណ្ឋាគារដែលអាចទទួលបានការចាប់អារម្មណ៍ និងអាចឈ្នះពានបាន គឺមានលក្ខណៈពិសេសចំនួន៣ ទី១ គឺការដាក់ឈ្មោះ, ទី២ ទីតាំង និងទី៣ គឺសេវាកម្ម ហើយកត្តាទាំងនេះ ក៏ជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរ ឲ្យមកកាន់ប្រទេសកម្ពុជា បានកាន់តែច្រើនផងដែរ។ ​

គួរំឭកថា ក្នុងឆ្នាំ២០១៨ សណ្ឋាគារភែលេស ហ្គេត ហូថេល និង រីហ្សត ត្រូវបានជ្រើសរើសជាសណ្ឋាគារ ដែលមានការរចនាផ្ទៃខាងក្នុងល្អបំផុត (The Best Hotel Interior Design) ប្រចាំតំបន់អាស៊ីបូពា និងពានរង្វានជាច្រើនផ្សេងរទៀត។ ដោយឡែកក្នុងឆ្នាំ២០១៩ ថ្មីៗនេះ​ សណ្ឋាគារភែលេស ហ្គេត ​ហូថេល និង រីហ្សត ត្រូវបានជ្រើសរើស​ជាបេក្ខភាព ក្នុងការប្រកួតប្រជែងជាសណ្ឋាគារដ៏ឆ្នើម ប្រចាំឆ្នាំ២០១៩ (The Best Charming Hotel in Asia 2019)។ ​ការប្រកួតប្រជែងពានរង្វាន់មួយនេះ មានការចូលរួមជាច្រើន​ ពីសណ្ឋាគារប្រណិតស្តង់ដារ អន្តរជាតិដែលមានឈ្មោះល្បីៗ នៅលើពិភពលោក ដូចជាតំបន់អឺរ៉ុប,មជ្ឈឹមបូព៌ា និងអាស៊ី៕