(ភ្នំពេញ)៖ តារាសម្តែងស្រីវ័យក្មេង មានរូបសម្រស់ស្រស់ផូរផង់ កញ្ញា គង់ ចាន់ស្រីដែន ទើបមានឱកាសបានបង្ហាញវត្តមាន ចូលរួមសម្ដែងក្នុងខ្សែភាពយន្ត និងបានសម្ដែងជាតួឯក ជាលើកដំបូង ក្នុងរឿង«Young Love» ឬ«ស្នេហាក្មេងៗ» របស់ផលិតកម្ម «កងចក្រភាពយន្ត» ក្រោយស្រីស្អាតរូបនេះ បានឈានជើងប្រឡូកចូលក្នុងវិស័យសិល្បៈជិត៥ឆ្នាំហើយ តាមរយៈការចូលរួមប្រឡង ក្នុងកម្មវិធី «Freshie Girl and Boy» ក្នុងឆ្នាំ២០១៥។

ជាការពិត ក្រោយបោះជំហានឈានជើង ចូលប្រឡូកក្នុងវិថីសិល្បៈ តាមរយៈការប្រឡងក្នុងកម្មវិធី «Freshie Girl and Boy» ក្នុងឆ្នាំ២០១៥ ដែលគិតមកទល់ពេលនេះ គឺមានរយៈពេលជិត ៥ឆ្នាំមកហើយ ដែលតារាសម្ដែងស្រីវ័យក្មេង កញ្ញា គង់ ចាន់ស្រីដែន ប្រឡូកចូលក្នុងសិល្បៈ ដោយឡែកទោះបីជា ហាក់មានរយៈពេលច្រើនឆ្នាំក្ដី ប៉ុន្តែស្រីស្អាត គង់ ចាន់ស្រីដែន គឺមិនដែលមានឱកាសបានចូលរួម សម្ដែងក្នុងខ្សែភាពយន្តនោះឡើយ ទើបតែពេលនេះ នាងបានបង្ហាញវត្តមានជាលើកដំបូង ហើយមានឱកាសក្លាយជាតួឯកតែម្ដង ក្នុងខ្សែភាពយន្ត «ស្នេហាក្មេងៗ» ក្នុងនោះក៏មានការ ចូលរួមសម្ដែង ដោយក្រុមក្មេងខ្មែរ គឺលោក ជា សុជាតិ និងលោក រ៉ុង សុភីដេវីដ ដែលជាតារាមកពីក្រុម Small World Small Bank និងមានតារា ថ្មីៗជាច្រើនរូបទៀត។

អតីត Freshie Girl ក្នុងឆ្នាំ២០១៥ រូបនេះបានថ្លែងប្រាប់ឲ្យដឹងថា «ស្នេហាក្មេងៗ» គឺជាសាច់រឿងទីមួយហើយសម្រាប់នាង ដែលបានចូលរួមសម្ដែង ហើយក៏ជាតួឯកស្រី។ នាងថា គឺមានភាពពិបាកច្រើនគួរសមដែរ នៅក្នុងការសម្ដែងភាពយន្តជាលើកដំបូងនេះ ខណៈដែលរាល់ដង នាងធ្លាប់តែធ្វើជាពិធីការិនី ដើរម៉ូត ប៉ុន្តែទោះបីជាពិបាកយ៉ាងណា តែនាងបានខិតខំសម្ដែងឲ្យអស់ពីសមត្ថភាព ដើម្បីធ្វើយ៉ាងណាឲ្យសាច់រឿងមួយនេះ មានភាពទាក់ទាញ និងមានការគាំទ្រពីទស្សនិកជនច្រើន។

ស្រីស្រស់ គង់ ចាន់ស្រីដែន បានបញ្ជាក់ថា រយៈពេលជិត៥ឆ្នាំកន្លងមក គឺនាងពិតជាចាប់អារម្មណ៍ខ្លាំង ទៅលើការងារសិល្បៈ ជាពិសេសគឺការសម្ដែងតែម្ដង ប៉ុន្តែដោយសារតែ នៅពេលដែលរូបប្រឡងក្នុងកម្មវិធី «Freshie Girl and Boy» គឺនាងមានអាយុទើបតែ១៦ឆ្នាំ ធ្វើឲ្យនាងយល់ថា សមត្ថភាពហាក់នៅក្មេងខ្ចី មិនទាន់មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការសម្ដែង ដូច្នេះហើយគឺនាងបានងាកទៅពង្រឹងលើការសិក្សា ដោយបច្ចុប្បន្ននាងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី៤ ផ្នែករដ្ឋបាល ប៉ុន្តែក្រោយបញ្ចប់ការសិក្សា ទើបនាងបន្តប្រឡូកក្នុងសិល្បៈដដែល និងមានឱកាសសម្ដែងក្នុងភាពយន្ត «ស្នេហាក្មេងៗ»នេះតែម្ដង។

ដោយឡែក ក្នុងនាមជាតួឯកស្រី នៃភាពយន្តរឿង «ស្នេហាក្មេងៗ» គង់ ចាន់ស្រីដែន ហាក់មានការរំពឹងខ្ពស់ ថានឹងមានប្រិយមិត្តទស្សនិកជន គាំទ្រច្រើនទៅលើស្នាដៃសម្ដែងដំបូងរបស់ខ្លួន និងសង្ឃឹមថា ទស្សនិកជនចូលទស្សនាច្រើននូវភាពយន្តមួយនេះ ដែលជាសាច់រឿងនិយាយពីស្នេហាយុវវ័យ មិនមែនជារឿងខ្មោច និងរឿងបែបកំប្លែងអ្វីនោះទេ ដូច្នេះហើយទើបនាង មានការរំពឹងយ៉ាងមុតមាំថា សាច់រឿងមួយនេះ នឹងត្រូវចិត្តទស្សនិកជន ជាពិសេសនោះ គឺមិត្តៗយុវវ័យផ្ទាល់តែម្ដង៕