(ភ្នំពេញ)៖ ភាពយន្តថ្មីមួយទៀត មានចំណងជើងថា «​Young​ ​Love​» ​ឬ​ ​«ស្នេហា​ក្មេង​ៗ​» ​ដែល​មាន​គ្រប់​រសជាតិ​​ ពោលគឺទាំង​បញ្ហា​ជីវិត​ ​មិត្តភាព​ ​គ្រួសារ​ ​ស្នេហា​យុវវ័យ​ ​និង​សម្បូរទៅដោយ​ឈុត​កំប្លែង​ថែមទៀត​ ត្រូវបានអ្នកទស្សនា វាយតម្លៃថា ភាពយន្តនេះ ត្រូវបានផលិតឡើង ត្រូវនឹងតថភាពសង្គមសព្វថ្ងៃ និយាយឲ្យចំ គឺត្រូវនឹងបរិបទ និងចរន្តស្នេហាបែបយុវវ័យបច្ចប្បន្ន ដែលធ្វើឲ្យអ្នកបានទស្សនា គិតថា ត្រូវនឹងសាច់រឿងរបស់ខ្លួនឯង។

ផលិតកម្ម «កងចក្រភាពយន្ត» បានធ្វើពិធីសម្ពោធ ដាក់បញ្ចាំងភាពយន្តរឿង «ស្នេហាក្មេងៗ» យ៉ាងអឹកអធឹកជាលើកទី២ នៅរោងកុន ​Major​ ​Cineplex ផ្សារទំនើបអេអន១ ​នៅថ្ងៃទី៥ វិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីថ្ងៃទី៤ វិច្ឆិកា មានការបើកសម្ពោធម្ដងរួចមកហើយ នៅរោងកុនទំនើបបឹងកក់។ នៅក្នុងពិធីនោះ គេឃើញលោក ជា សុជាតិ សមាជិកក្នុងក្រុមក្មេងខ្មែរ ដែលជាតួឯក និង​ដៃគូ គឺលោក ពន្លឺ បានធ្វើឲ្យហ្វេន ក្មេងៗ ជ្រួលជ្រើមយ៉ាងខ្លាំង ជាពិសេសក្នុងពេលបង្ហាញខ្លួន ក្នុងនាមជាតួសម្ដែង លើឆាក និង​ក្នុងពេលបកស្រាយបទចម្រៀង ក្នុងរឿងជាមួយលោក​ពន្លឺ ដែលជាសមាជិក ក្នុងក្រុមក្មេងខ្មែរដែរនោះ។

​ភាពយន្ត​ស្នេហា​បែប​យុវវ័យ​ឆ្នាំ​ ២០១៩​ ​មួយ​នេះ​ ​ជា​ស្នាដៃ​និពន្ធ​រួមគ្នា​រវាង​កញ្ញា​ ​លំ​អរ​ពេជ្រ​ ​និង​​លោក​ម៉ា​និ​ត​ ដែល​ជា​អ្នកនិពន្ធ​ ​ប្រលោមលោក​ដ៏​ល្បី​មិនចាញ់​គ្នា​។​ ​តួអង្គ​សម្ដែង​នៅក្នុង​ភាពយន្ត​នេះ​ ​ក៏​សុទ្ធតែ​តារា​វ័យក្មេង​ដែល​មាន​សមត្ថភាព ​ក្នុង​ការ​សម្តែង​​ មាន​ដូចជា​កញ្ញា​ ​គង់​ ​ចាន់​ស្រី​ដែន​ ​ជា​អតីត​ ​Freshie​ ​Girl​ ​ប្រចាំឆ្នាំ២០១៥។​ ​លោក​ ​ជា​ ​សុ​ជាតិ​ ​តារាចម្រៀង​មក​ពី​ក្រុម​ក្មេង​ខ្មែរ​ ​និង​​លោក​ ​រ៉ុង​ ​សុ​ភី​ដេ​វីដ​ ​តារា​មក​ពី​ក្រុម​ ​Small​ ​World​ ​Small​ ​Band​ ​ជាដើម​។ ​ក្នុងនោះ ក៏មានតួសម្តែងល្បីៗ ជាច្រើនរូបទៀត​ ដែលសុទ្ធតែជាជាយុវវ័យ ទើបភាពយន្តនេះ ទាក់ទាញភ្ញៀវកិត្តិយស ជាពិសេស គឺយុវវ័យភាគច្រើន ឲ្យចូលរួម​នៅក្នុងពិធីនោះ។

សម្រាប់សាច់រឿងនេះវិញ គឺរៀបរាប់អំពីតួអង្គស្រីឈ្មោះ កេសរ រស់នៅទីក្រុងភ្នំពេញ ជាមួយនឹងជីដូន ដោយ កេសរមានមិត្តភ័ក្រ្ត ជិតស្និទ្ធ ចំនួន៣នាក់គឺ រិទ្ធ សុភ័ក្រ្ត និងបេទ្បា។ ក្រោយមកនាង បានស្គាល់សិស្សច្បងដ៏ស្រស់ សង្ហាមួយរូបមានឈ្មោះ ថាវេហា ដែលសម្ដែងដោយសមាជិកក្មេងខ្មែរ ហើយក៏បង្កើតជាស្នេហានឹងគ្នា។ កេសរ ចាប់ផ្តើមស្គាល់ពីការថែរក្សា ស្នេហា មិត្តភាព និងគ្រួសារក្នុងពេលតែមួយ។

សូមបញ្ជាក់ថា ភាពយន្តនេះ ប្រកាសលក់សំបុត្រផ្លូវការចាប់ពីថ្ងៃទី ៧ វិច្ឆិកា ២០១៩ តទៅ។ ដោយរំពឹងថា នឹងទាក់ទាញយុវវ័យ ឲ្យចាប់អារម្មណ៍ច្រើន ព្រោះជាភាពយន្តស្ដែងពីយុវវ័យទាំងស្រុង៕