(ភ្នំពេញ)​៖ បន្ទាប់ពីបញ្ចប់ការប្រឡង Freshie ជំនាន់ទី១០ កាលពីឆ្នាំ២០១១ នឹងទទួលបានជ័យលាភីលេខ១ ក្នុងកម្មវិធីនោះមក លោក ហូ សារៈ​ ហាក់មិនសូវលេចវត្តមានក្នុងការងារសិល្បៈឡើយ។ តែយ៉ាងណា មហាជនចាប់អារម្មណ៍ជាថ្មី ក្រោយពីបានឃើញលោក លេចវត្តមានសម្តែងក្នុង MV ចម្រៀង «មនុស្សស្រីត្រូវខ្លាំង» ដែលឆ្លុះបញ្ចាំងពីជីវិតពិតរបស់នាយិកាសិប្បកម្មរ៉ារី មានភាពរឹងមាំ អត់ធ្មត់ និងហែលឆ្លងឧបសគ្គជាច្រើន ក្នុងនាមជាមនុស្សស្រីម្នាក់ ដែលរឹងមាំ។

ថ្លែងតាមរយៈបទសម្ភាសន៍ជាមួយក្រុមការងារ Fresh News និង Khmer Talking លោក ហូ សារៈ បានឲ្យដឹងថា មូលហេតុនៃការបាត់មុខក្នុងវិស័យសិល្បៈ ដោយសារតែរវល់នឹងការងារ ដោយបច្ចុប្បន្នលោកធ្វើការក្នុងក្រុមហ៊ុន KCR។ ជាមួយគ្នានោះ តាមរយៈការតែងនិពន្ធបទចម្រៀងថ្មី មានទាំងចម្រៀងបែបអប់រំ បង្ហាញពីការតស៊ូ ពុះពាររាល់ការលំបាក ឆ្លុះបញ្ចាំងពីជីវិតពិត ដែលនិពន្ធដោយ នាយិកាសិប្បកម្មរ៉ារី លោកស្រី​ កូវ ច័ន្ទសុវណ្ណារិទ្ធ ធ្វើឲ្យលោកមានឱកាសចូលរួមបញ្ចេញសមត្ថភាពជាថ្មី ដើម្បីចែកជូនមហាជនបានទស្សនាកំសាន្ត។

លោក ហូ សារៈ បន្តថា ទោះបីកន្លងមកបានសម្តែង MV ជាច្រើនមកហើយក៏ពិតមែន ដែលនេះជាលើកទី១ហើយ ដែលលោកបានសម្តែងជាតួអង្គទឹកភ្នែក ដូចមានក្នុង MV បទ «មនុស្សស្រីត្រូវខ្លាំង»។ ជាក់ស្តែង ក្នុងចម្រៀងនេះ លោកបានដើរតួជាស្វាមីរបស់ នាយិកាសិប្បកម្មរ៉ារី ដែលដំបូងឡើយ ជាមនុស្សមិនខ្វល់ពីសុខទុក្ខរបស់ភរិយា និងកូនៗ ដើរលេងមានស្រីខាងក្រៅ តែទីបញ្ចប់បែរជាទឹកភ្នែក ព្រោះស្តាយក្រោយនឹងទង្វើររបស់ខ្លួន។ ខណៈ លោកស្រី កូវ ច័ន្ទសុវណ្ណារិទ្ធ ដែលសម្តែងផ្ទាល់ជាតួអង្គស្រី បានសម្តែងជាមនុស្សស្រីរឹងមាំ ពុះពារនូវឧបសគ្គទាំងឡាយ ទាំងការដែលត្រូវគេមើលងាយ រហូតរឹងមាំតស៊ូគ្រោកឈរឡើងវិញ ទាំងការចិញ្ចឹមកូនផង និងមុខជំនួញផង រហូតទទួលបានជោគជ័យ។

អ្វីដែលពិសេស ក្នុង MV ចម្រៀងដែលនិពន្ធផ្ទាល់ដោយ លោកស្រី កូវ ច័ន្ឌសុវណ្ណារិទ្ធ នេះពិតជាទាក់ទាញយ៉ាងខ្លាំង ព្រោះបានបង្កប់នូវអត្ថន័យអប់រំ និងលើកទឹកចិត្តដល់មនុស្សស្រីគ្រប់រូប ឲ្យត្រូវមានភាពរឹងមាំ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ភាពរឹងមាំ ធ្វើឲ្យមនុស្សស្រីសម្រេចបាន​នូវលិទ្ធផលយ៉ាងគាប់ប្រសើរសម្រាប់ខ្លួនឯង និងគ្រួសារ ជាក់ស្តែងដូចបានបង្ហាញក្នុង MV ចម្រៀង «មនុស្សស្រីត្រូវខ្លាំង» តែម្តង។

សូមទស្សនាវីដេអូខាងក្រោម៖