(ភ្នំពេញ)៖ បន្ទាប់ពីមហោស្រពសិល្បៈចម្រៀងខ្មែរជាសកល លើកទី៥ ឆ្នាំ២០១៩ ត្រូវបានបញ្ចប់រួចមក មហាជនសង្កេតឃើញថា បេក្ខភាព ដែលទទួលជ័យលាភីភាគច្រើន បានយកប្រាក់ជ័យលាភីរបស់ខ្លួន ធ្វើការងារសប្បុរសធម៌ ដើម្បីចែករំលែកអំពើល្អ។ យ៉ាងណាមិញ ងាកមកលោក សែម រ៉ាម៉ន ដែលជាបេក្ខភាពមួយរូបឈានចូលដល់វគ្គផ្តាច់ព្រ័ត្រ ទោះមិនទទួលជ័យលាភី តែលោកក៏មិនខុសពីបេក្ខជនដទៃទៀតដែរ ដោយលោកបានចែករំលែកថវិកាផ្ទាល់ខ្លួន និងពីបងប្អូននៅកាណាដា តាមសទ្ធាចែកជូនចាស់ៗដែលកំពុងខ្វះខាត នៅឯស្រុកកំណើត។

ភ្ជាប់ជាមួយរូបភាពជាច្រើនសន្លឹកបង្ហាញពីសកម្មភាពសប្បុរសធម៌ លោក សែម រ៉ាម៉ន ដែលមានដើមកំណើតនៅខេត្តកំពង់ចាមរូបនេះ បានសរសេរថា «ខ្ញុំ​ធ្វើ​សទ្ធា​មិន​បាន​ប្រាថ្នា​អ្វី​ ក្រៅ​ពី​សុំ​សេចក្ដី​សុខ​នោះ​ទេ ​វា​ជា​ការ​ចែករំលែក​សេចក្ដី​ទុក្ខ​លំបាក​ចំពោះ​ពួក​គាត់​បាន​មួយ​គ្រា។ អរគុណ​ដល់​ពុក​ម៉ែ​បងប្អូន​ខ្មែរ ​ដែល​រស់​នៅ​ប្រទេស​កាណាដា​ ចំពោះ​ការ​ឧបត្ថម្ភ​ថវិកា​ ដើម្បី​ជួយ​ដល់​ពួកគាត់​ទាំង​អស់​គ្នា…​សូម​ទទួល​បុណ្យ​គ្រប់​ៗគ្នា»

សកម្មភាពរបស់លោក សែម រ៉ាម៉ន ពេលនេះត្រូវបានមហាជន ជាពិសេសហ្វេនក្នុងបណ្តាញសង្គមជាច្រើន សម្តែងនូវការកោតសរសើរគ្រប់គ្នា ព្រោះនេះជាទង្វើរដ៏ល្អមួយក្នុងសង្គម បង្ហាញពីទឹកចិត្តចែករំលែកចេះជួយគ្នាទៅវិញទៅមក ក្នុងនាមជាមនុស្សជាតិតែមួយ៕