(លីវេីភូល)៖​ ក្រុមរបស់លោក Jurgen Klopp ហង្សក្រហម​ Liverpool ពេលនេះបានឡើងឈរលើកំពូលតារាងប្រចាំពូល E ក្រោយយកឈ្នះ​ Genk ក្នុងលទ្ធផល ២-១ នៃការប្រជែងពានរង្វាន់ UEFA Champions League 2019-2020 ខណៈក្រុមអ៊ីតាលី Napoli បានរត្រឹមស្មើជាមួយ Salzburg ១-១ ដែលការប្រកួតនេះបានធ្វើឡើងនាថ្ងៃទី៦ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្រុមការពារតំណែងជើងឯករដូវកាលមុន ក្លឹបបាល់ទាត់អង់គ្លេស Liverpool អាចរកបានគ្រាប់បាល់នាំមុខក្នុងការប្រកួតពីការធ្វើបានសម្រេចដោយកីឡាករ Georginio Wijnaldum នៅនាទី ១៤និងមិត្តរួមក្រុម Alex Oxlade-Chamberlain រកបាននៅនាទី៥៣ គ្រាដែលគូប្រជែងមកពីប៊ែលហ្សិក Genk វាយបកបាន ១គ្រាប់នៅនាទី៤១ ដោយកីឡាករ Mbwana Samata។

គិតត្រឹម ៤ប្រកួតប្រចាំពូល E នៃពាន Champions League រដូវកាលនេះ​Liverpool រកបាន ៩ពិន្ទុ​ ក្រោយឆ្លងកាត់ឈ្នះ ៣ប្រកួត​ និងចាញ់ ១ប្រកួត ខណៈការប្រកួតបន្ទាប់ក្រុមហង្សក្រហម Liverpool នឹងបន្តប៉ះក្រុមអ៊ីតាលី Napoli ដែលកំពុងឈរលេខ២ក្នុងតារាងដោយមានតែ ៨ពិន្ទុ៕