(ភ្នំពេញ)៖ សល់រយៈពេល ១៣ថ្ងៃទៀតប៉ុណ្ណោះ ការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្ដ្រី លើកទី១៧ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះលើកដំបូង នឹងមកដល់ហើយ ពោលគឺចាប់ផ្ដើមពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែវិច្ឆិកាខាងមុខ នៅពហុកីឡដ្ឋានជាតិ ខណៈអត្តពលិកមកពី ៤៩ប្រទេស បានចុះឈ្មោះរួចរាល់ ដើម្បីត្រៀម ប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើទឹកដីកម្ពុជានេះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតកីឡាប៉េតង់ពិភពលោកយុវជន និងស្រ្ដី លើកទី១៧ នៅថ្ងៃទី០៥ ខែវិច្ឆិកានេះ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៉ូល និងប៉េតង់កម្ពុជា បានមានប្រសាសន៍ថា បច្ចុប្បន្នមានប្រទេសមាជិករបស់សហព័ន្ធកីឡាប៉េតង់ពិភពលោក ៤៩ប្រទេសហើយបានចុះឈ្មោះចូលរួម ស្មើនឹង ៤៤៩នាក់ ក្នុងនោះមាន ៣០ក្រុមត្រូវប្រកួតផ្នែកយុវជន និង ៥០ក្រុមត្រូវប្រកួតផ្នែកស្ដ្រី។

ចំពោះគោលបំណងក្នុងការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ដ៏ធំនេះ គឺជាឱកាសដ៏ល្អ ដើម្បីផ្សព្វផ្សាយអំពីសក្ដានុពល របស់ប្រទេសកម្ពុជា សុខសន្ដិភាព និងការអភិវឌ្ឍគ្រប់វិស័យ រួមទាំងវិស័យកីឡាផងដែរ។ មួយវិញទៀត ក៏ជាការបង្កើនទំនាក់ទំនងជាតិ-អន្ដរជាតិ និងបំផុសសកម្មភាពលេងកីឡាកាន់តែច្រើន ពិសេសជំរុញ ការអភិវឌ្ឍវិស័យកីឡាជាតិឲ្យកាន់តែរីកចម្រើន ដើម្បីសម្រួចទិសដៅឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះលើកដំបូង។ នេះបើតាមការបន្ថែមរបស់លោក ស សុខា។

សម្រាប់ព្រឹត្តិការណ៍នេះដែរ ចំពោះផ្នែកវិញ្ញាសានឹងប្រកួតលើ ២វិញ្ញាសា រួមមានវិញ្ញាសាវាយយកពិន្ទុ និងវិញ្ញាសាប្រកួត ៣នាក់ ទល់នឹង ៣នាក់ ហើយផ្នែកស្ដ្រី គឺត្រូវប្រកួតលើវិញ្ញាសាវាយយកពិន្ទុ និងវិញ្ញាសាវាយ ៣នាក់ ទល់នឹង ៣នាក់ដូចគ្នា តែបន្ថែមវិញ្ញាសាសមាគមចំនួន ២ ទៀត។ ជាមួយការធ្វើម្ចាស់ផ្ទះការប្រកួត ប៉េតង់ពិភពលោកយុវជន និងស្រ្ដី លើកទី១៧ នេះក៏នឹងមានការលក់សំបុត្រ នៅពហុកីឡដ្ឋានជាតិផងដែរ ខណៈការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែវិច្ឆិកាឆាប់ៗខាងមុខ៕