(ភ្នំពេញ)៖ អតីតតារាចម្រៀង និងតារាសម្ដែង គឹម លីហ្សា ដែលទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីនាងសម្រេចចិត្តរៀបការ សាងសុភមង្គលនៅទឹកដី ប្រទេសអូស្រ្តាលីរួចមក រហូតមកដល់ពេលនេះ នាងទទួលបាននូវចំណងដៃ កូនប្រុសពីរនាក់ហើយ ព្រោះថ្មីៗនេះ ទើបសម្រាលបានកូនប្រុស ដ៏គួរឲ្យស្រឡាញ់ម្នាក់ទៀត។ យ៉ាងណាមិញ ទើបតែសម្រាលកូនបានប្រមាណជាង២សប្ដាហ៍​ អ្នកម្ដាយកូនពីររូបនេះ ហាក់នៅមិនស្ងៀម ចេញរកចំណូលលើមុខជំនួញរបស់ខ្លួនវិញ ទាំងសរសៃនៅខ្ចី ដោយត្រូវចំណាយទុនរាប់ម៉ឺនដុល្លារ។

ជាការពិត គ្រាន់តែសម្រាលកូនប្រុសទីពីរ ទើបបានប្រមាណជាង ២​សប្ដាហ៍ប៉ុណ្ណោះ តែអតីតតារាសម្ដែងអ្នកនាង គឹម លីហ្សា ហាក់ខ្វល់ខ្វាយនឹងរបរជំនួញរបស់ខ្លួនជាងខ្លាំង ខណៈដែលនាងចេញរកចំណូលរបស់ខ្លួនភ្លាមតែម្ដង។ មុខជំនួញរបស់ស្រីស្អាតរូបនេះ ត្រូវបានគេដឹងថា គឺជាផលិតផលថែរក្សាសម្រស់ «Jesse» ដែលនាងជាម្ចាស់ផ្ទាល់តែម្ដង។

គឹម លីហ្សា បានឲ្យដឹងដែរថា ការផ្ដាច់មុខលើផលិតថែរក្សាសម្រស់នេះ គឺចំណាយទុនមិនក្រោម១០ម៉ឺនដុល្លារនោះឡើយ ដើម្បីពង្រីកបន្ថែមលើជំនួញរបស់ខ្លួន ខណៈដែលនាងសង្កត់ធ្ងន់ថា បើមិនចំណាយលើការពង្រីក មុខរបរនោះទេ គឺពិតជាបំពេញតម្រូវការអតិថិជន របស់នាងមិនគ្រប់គ្រាន់។

គួរឲ្យដឹងដែរថា ក្រោយពីរៀបការជាមួយនឹងស្វាមី ដែលជាអនិកជននៅអូស្ត្រាលី ព្រមទាំងទៅសាងគ្រួសារជាមួយស្វាមី នៅទឹកដីអូស្រ្តាលី យ៉ាងមានក្ដីសុខសុភមង្គល​ ដោយទទួលបានការថ្នាក់ថ្នមពីស្វាមី និងទើបតែសម្រាលបានកូនប្រុសម្នាក់ទៀត កាលពីពេលថ្មីៗនេះ។ មិនត្រឹមតែប៉ុណ្ណោះ បច្ចុប្បន្ន គឹម លីហ្សា កាន់តែកាក់កបខ្លាំង ទៅលើរបរជំនួញរបស់ខ្លួន ដែលជាផលិតផលថែរក្សាសម្រស់៕