(កូឡាឡាំពួរ)៖ ការប្រកួតកីឡាអេឡិចត្រូនិកជើងឯកពិភពលោក Mobile Legends: Bang Bank World Championship 2019 ដែលហៅកាត់ថា M1 នឹងចាប់ផ្ដើមការប្រកួតនាសប្ដាហ៍ក្រោយនេះហើយ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមការរៀបចំរបស់ក្រុមហ៊ុន MOONTON។

លោក Justin Yuan នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុន MOONTON បានឲ្យដឹងថា ព្រឹត្តិការណ៍ដ៏ធំមិនធ្លាប់មាននេះ នឹងប្រកួតរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែវិច្ឆិកាខាងមុខ ដោយមានក្រុមខ្លាំងៗជុំវិញពិភពលោកចូលរួម ក្នុងនោះក៏មានក្រុមកីឡាអេឡិចត្រូនិកតំណាងប្រទេសកម្ពុជាផងដែរ ។

វិញ្ញាសា Mobile Legends គឺជាវិញ្ញាសាមួយ ដែលត្រូវបានសម្រេចដាក់ឲ្យធ្វើការប្រកួតលើប្រភេទកីឡាអេឡិចត្រូនិក ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំនេះ ។ ដូច្នេះជាមួយការរៀបចំជើងឯកពិភពលោក M1 World Championship នៅប្រទេសម៉ាឡេស៊ី ក៏មានបេក្ខភាពត្រៀមស៊ីហ្គេមចូលរួមដែរ រួមមានម្ចាស់ផ្ទះម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា ថៃ ឡាវ វៀតណាម និងកម្ពុជា ។

ក្រៅពីបេក្ខភាពត្រៀមស៊ីហ្គេម នៅហ្វីលីពីនខាងលើ ក៏មានកីឡាករអេឡិចត្រូនិកខ្លាំងៗ ដែលមានសមត្ថភាព និងទេពកោសល្យខ្ពស់មកពី ១៤តំបន់ជុំវិញពិភពលោកចូលរួមផងដែរ ដូចជាក្រុមកីឡាករមកពីជប៉ុន តួរគី រុស្ស៊ី សហរដ្ឋអាមេរិក និងប្រេស៊ីលជាដើម ។ ចំពោះប្រាក់រង្វាន់សម្រាប់ក្រុមជយលាភីក្នុងព្រឹត្តិការណ៍ដ៏ធំនេះ គឺមានរហូតដល់ទៅ ២៥,០០០០ដុល្លារឯណោះ ។ នេះបើតាមការបញ្ជាក់របស់លោក Justin Yuan៕