(ភ្នំពេញ)៖​ តារាចម្រៀងសំនៀងស្រទន់មានទឹកដម ម្ចាស់បទ «ស្រី្ត» ដែលមានទឹកមុខមានមន្តស្នេហ៍ ដើមទ្រូងមូលក្បំគួរជាទីទាក់ទាញក្រសែភ្នែកបុរសៗទាំងឡាយ កញ្ញា លៀង ចាន់ឡា អតីតបេក្ខភាពក្នុងកម្មវិធី X Factor Cambodia បន្ទាប់ពីបានកែសម្ផស្សលើផ្ទៃមុខមក បានធ្វើឲ្យសម្រស់របស់នាងមានភាពទាក់ទាញមិនស្ទើរឡើយ។ យ៉ាងណាមិញ ថ្មីៗនេះតាមរយៈចូលរួមក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» កញ្ញា លៀង ចាន់ឡា បានបង្ហាញអាថ៌កំបាំងនៃការកែសម្ផស្សលើផ្ទៃមុខ ទៅកាន់ទស្សនិកជន ថានាងបានកែកុនមួយកន្លែង។

ឆ្លើយតបនឹងការសាកសួរពីសំណាក់ពិធីករ-ពិធីការិនីក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» ទាក់ទងនឹងការងារសិល្បៈ កញ្ញា លៀង ចាន់ឡា បានឲ្យដឹងថា ចាប់តាំងពីបានបញ្ចេញចម្រៀង Original Song ដំបូងចំណងជើងថា «ស្ត្រី» រួចមក ហាក់មានទីផ្សារសិល្បៈគ្រាន់បើ ពោលគឺមានបណ្តាក្រុមហ៊ុននានា ហៅថតស្ពត់ពាណិជ្ជកម្ម និងទៅច្រៀងនៅតាមការប្រគុំតន្រ្តីជាដើម។

ក្រៅពីការងារសិល្បៈ លៀង ចាន់ឡា បានទម្លាយនូវអាថ៌កំបាំងផ្ទាល់ខ្លួនមួយចំនួនទៅកាន់ទស្សនិកជន ជាពិសេសពាក់ព័ន្ធនឹងការកែសម្ផស្សតែម្តង។ ដំបូងឡើង ដោយមើលឃើញពីសម្រស់ខ្វះខាត ចង់ឲ្យលៀង ចាន់ឡា មានភាពស្រស់ស្អាត ស័ក្តសមជាតារាចម្រៀង ក៏មានហាងកែសម្ផស្សមួយទាក់ទងនឹងធ្វើការកែកុនដោយឥតគិតថ្លៃ។ ចាន់ឡា ថាកន្លែងដែលនាងកែសម្ផស្សមាន៤ចំណុចសំខាន់ៗ ទី១ កែត្រង់បបូរមាត់, ទី២ ចាក់ចង្កា, ទី៣ ចាក់ច្រមុះ និងទី៤ គឺផ្លុំចញ្ចើម។

គួរជម្រាបថាការប្រឡូកក្នុងវិស័យសិល្បៈរហូតមកដល់នឹងពេលនេះ កញ្ញា លៀង ចាន់ឡា បានបញ្ចេញនូវ ចម្រៀង Original Song ដែលជា ស្នាដៃដំបូងមួយបទហើយ ក្រោមចំណងជើងថា «ស្រ្តី» ដែលទទួលបានការ គាំទ្រច្រើនពីសំណាក់ទស្សនិកជន។ ព្រោះតែបទនេះ បានរាប់រៀបពីអ្វីដែលស្ត្រីគ្រប់រូបចង់បាន និងភាព លំបាកនានា ដែលមនុស្សស្រីភាគច្រើន បានឆ្លងកាត់ ធ្វើឲ្យទស្សនិកជនដែលស្តាប់ហើយ ស្លុងអារម្មណ៍ តែម្តង។ បទដំបូងនេះ ជាប្រភេទចម្រៀង មនោសញ្ចេតនា រួមផ្សំនឹងទឹកដមសំនៀងរបស់ ចាន់ឡា ពិរោះត្រូវនឹងបទ ប្រភេទនេះផងនោះ រឹងតែធ្វើឲ្យចម្រៀង មួយនេះមានទម្ងន់តែម្តង៕