(ម៉ាឌ្រីដ)៖ មានសេចក្តីរាយការណ៍មួយបង្ហាញថា ក្លឹបបាល់ទាត់អេស្ប៉ាញ Real Madrid មានគម្រោងចង់នាំយកកីឡាករខ្សែប្រយុទ្ធ Raheem Sterling របស់ក្លឹបមេឃខៀវ Manchester City ដោយនឹងមានការផ្លាស់ប្តូរជាមួយកីឡាករខ្សែប្រយុទ្ធ Gareth Bale និងបន្ថែមទឹកប្រាក់ប្រមាណ ៧០លានផោនទៀត នេះបើតាមការចេញផ្សាយដោយ Sky Sport នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្លឹបយក្ស Real Madrid ដែលមានលោក Jose Angel Sanchez ជាអគ្គនាយកផ្នែកទីផ្សារដោះដូរកីឡាករ បានជួបពិភក្សាជាមួយអ្នកចាត់ការផ្ទាល់របស់ Raheem Sterling នារដូវកាលនេះ ប៉ុន្តែត្រូវបានខកខានទៅវិញក្នុងការនាំយកកីឡាកររូបនេះទៅកាន់កីឡដ្ឋាន Bernabeu តែប្រធានក្លឹប លោក Florentino Perez ក៏បានលើកឡើងដែរថា បើមិនមានការពិភក្សាណាមួយនោះ តម្លៃខ្លួនរបស់ខ្សែប្រយុទ្ធ Raheem Sterling និងកើតឡើងដល់ ១៥០លានផោនគិតត្រឹម ១២ខែទៅបន្ទាប់ទៀត។

ចំណែកលោក Pep Guardiola អ្នកចាត់ការទូទៅ Man City គឺមានភាគរយតិចតួចណាស់ ក្នុងការយល់ព្រមចុះកិច្ចសន្យានាំយកខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំ Gareth Bale ផងដែរ ដ្បិតកីឡាករវេលរូបនេះបានចាកចេញពីទឹកដីអង់គ្លេលនៃក្លឹប Tottenham Hotspur ទៅកាន់ក្លឹប Madrid របស់ La Liga កាលឆ្នាំ២០១៣ ក្នុងកំណត់ត្រាពិភពលោកប្រមាណជិត ១០០លានផោន៕