(ភ្នំពេញ)៖ សហព័ន្ធកីឡារាំកម្ពុជា បានរៀបចំការប្រកួតជ្រើសរើសជើងឯកប្រចាំឆ្នាំ២០១៩ និងបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួត ១ថ្ងៃពេញកាលពីចុងសប្ដាហ៍កន្លងទៅ ដោយមានកីឡាករ-កីឡាការិនីសរុប ៣០នាក់ មកពី ៥សមាគម/ក្លឹបចូលរួម ។ ការប្រកួតនេះ ត្រូវបានថ្នាក់ដឹកនាំក្លឹបចាត់ទុកជាការធ្វើតេស្ដសមត្ថភាពមួយ ដើម្បីពង្រឹងសមត្ថភាពអត្តពលិកត្រៀមស៊ីហ្គេម នៅហ្វីលីពីនចុងខែនេះ ។

លោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា បានឲ្យដឹងថា ការរៀបចំជើងឯកជាតិឆ្នាំនេះ ត្រូវបានរៀបចំជាពិសេស ព្រោះត្រូវពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនី ដែលជាបេក្ខភាពត្រៀមចេញទៅប្រកួតកីឡាស៊ីហ្គេម នៅហ្វីលីពីន ក៏ដូចជាការចម្រាញ់រកធនធានកីឡាករ-កីឡាការិនីមានសមត្ថភាព និងទេពកោសល្យ ស្របតាមផែនការមេក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ ។

ទន្ទឹមជាមួយគ្នាលោកជំទាវ ឆៃ ច័ន្ទរិទ្ធីសូលីដា ប្រធានកិត្តិយសសហព័ន្ធ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើនរបស់កីឡារាំកម្ពុជា នាប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបានចូលរួមប្រកួត និងដណ្ដើមបានមេដាយពីឆាកអន្ដរជាតិបន្ដបន្ទាប់ ទាំងថ្នាក់តំបន់ ទ្វីប និងពិភពលោក ។ ដោយហេតុនេះលោកជំទាវរំពឹងថា ស៊ីហ្គេមនាពេលឆាប់ៗខាងមុខ កីឡារាំកម្ពុជា ក៏អាចនឹងដណ្ដើមមេដាយជូនជាតិជាបន្ដទៀតផង ។

គួរបញ្ជាក់ថា ការប្រកួតកីឡារាំជ្រើសរើសជើងឯកជាតិ ឆ្នាំ២០១៩ ត្រូវបានរៀបចំតែ ១ថ្ងៃប៉ុណ្ណោះ ក្រោមការឧបត្ថម្ភរបស់ក្រសួងអប់រំ យុវជន និងកីឡា ហើយមានការចូលរួមពីវិស័យឯកជនជាច្រើនផងដែរ ។ ចំពោះកីឡាករ-កីឡាការិនី ដណ្ដើមបានជ័យលាភី នឹងត្រូវបានលើកទឹកចិត្ត និងជំរុញបន្ថែម ដើម្បីក្លាយជាកីឡាករ-កីឡាការិនីអាជីព ហើយឈានទៅចូលរួមប្រកួតលើឆាកអន្ដរជាតិ ពិសេសដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា៕