(ភ្នំពេញ)៖ ក្រុមបាល់ទាត់យុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា (U19) បានឡើងទៅឈរនៅលេខរៀងទី២ ក្នុងពូល G បណ្តោះអាសន្នវិញ ក្រោយរកបាន ៣ពិន្ទុដំបូង តាមរយៈបំបាក់គូប្រជែងក្រុម U19 កោះម៉ារីណាខាងជើងក្នុងលទ្ធផល ៩-០ នៅពហុកីឡដ្ឋានជាតិនារាត្រីថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ប្រមាណ ៣៤៣១នាក់។

កម្ពុជា ដែលបានចាញ់ក្រុម U19 ម៉ាឡេស៊ី ៥-៤ នៅថ្ងៃបើកឆាកនោះ បានសម្រុកទៅលើក្រុមភ្ញៀវកោះម៉ារីណាយ៉ាងខ្លាំងរហូតដល់រកបាន ៨គ្រាប់ជាបន្តបន្ទាប់របស់កីឡាករ ធី លៀង ២គ្រាប់, លី ម៉ាឯល ១គ្រាប់, ចាន់ សារ៉ាពេជ្រ ១គ្រាប់ និង លឹម ពិសុទ្ធ ២គ្រាប់ និង សៀង ចន្ធា ធ្វើបានហែតទ្រីក (៣គ្រាប់) ក្រោយប្តូរចូលនៅវគ្គទី២។

២ប្រកួតរបស់កម្ពុជា ដែលស៊ុតបញ្ចូលទីគូប្រកួតបាន ១៣គ្រាប់ និងរបូតវិញ ៥គ្រាប់នៅសល់ចំណេញគ្រាប់ចំនួន ៨គ្រាប់ ចាញ់ក្រុមកំពូលតារាង U19 ថៃ ដែលមាន ៩គ្រាប់ ក្រោយបំបាក់ U19 ប្រ៊ុយណេ ៩-០ ក្នុងនាមជាក្រុមមាន ៣ពិន្ទុដូចគ្នា ស្មើនឹង U19 ម៉ាឡេស៊ីដែលឈរនៅលេខ៣ ទើបលេងបាន ១ប្រកួត។

១ប្រកួតបន្ទាប់របស់កម្ពុជា ត្រូវប៉ះក្រុមខ្លាំង U19 ថៃ នាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោយពេលកោះម៉ារីណា ត្រូវប៉ះម៉ាឡេស៊ី នាម៉ោង ៣៖៣០នាទីរសៀលថ្ងៃដដែល៕