(ភ្នំពេញ)៖ ក្រុមបាល់ទាត់ U19 កម្ពុជា បន្តយុទ្ធនាការប្រកួតស្វែងរកពិន្ទុប្រចាំពូល G ជាបន្តទៀត ដោយត្រូវប៉ះក្រុមភ្ញៀវ U19 របស់កោះម៉ារីណាខាងជើងនាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងវគ្គជម្រុះពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC U19 Championship 2020។

នេះជាការប្រកួតលើកទី២ នៃវគ្គសន្សំពិន្ទុសម្រាប់ក្រុមទាំងពីរ និងជាការជួបគ្នាលើកទី១ ផងដែរ ដែលសុទ្ធតែរងបរាជ័យដូចគ្នានៅថ្ងៃបើកឆាកនាដើមខែវិច្ឆិកានេះ ដោយកោះម៉ារីណា ចាញ់ប្រ៊ុយណេ ៤-៣ គ្រាដែលកម្ពុជា ចាញ់ម៉ាឡេស៊ី ៥-៤។

គួរបញ្ជាក់ផងថា មានតែក្រុមលេខ១ ក្នុងពូលប៉ុណ្ណោះមានសិទ្ធិឡើងទៅលេងជុំផ្តាច់ព្រ័ត្រ វគ្គ ១៦ក្រុមចុងក្រោយនៅប្រទេសអ៊ូសបេគីស្ថាន ឆ្នាំក្រោយ គ្រាដែលលេខ២ មានពិន្ទុខ្ពស់ប្រៀបធៀបនឹងពូលដទៃក៏មានសិទ្ធិដែរ ក្នុងចំណោម ៥ប្រទេសដែលស្ថិតក្នុងពូល G រួមមានម្ចាស់ផ្ទះកម្ពុជា ថៃ ម៉ាឡេស៊ី ប្រ៊ុយណេ និងកោះម៉ារីណាខាងជើង៕