(ភ្នំពេញ)៖ តារាចម្រៀងប្រុសល្បីឈ្មោះ និងមានប្រជាប្រិយភាព គឺលោក ខាន់ ជេមស៍ ថ្មីៗនេះ លោកបានបញ្ចេញនូវបទចម្រៀងថ្មីរបស់ខ្លួនមួយបទទៀតហើយ ដែល​មានចំណងជើងថា «សុខចិត្តញ៉ាំមី» ខណៈដែលបទចម្រៀងមនោសញ្ចេតនាស្នេហាមិនប្រកាន់វណ្ណៈមួយបទនេះ មិនត្រឹមតែពីរោះ និងមានសាច់រឿងល្អទស្សនានោះទេ ជាពិសេស ថែមទាំងបង្កប់អត្ថន័យអប់រំជ្រាលជ្រៅថែមទៀតផង។

យ៉ាងណាមិញ បទថ្មីរបស់លោក ខាន់ ជេមស៍ មួយបទនេះ ក៏កំពុងតែអង្រួនបេះដូងយុវវ័យ ឲ្យមានការចាប់អារម្មណ៍ខ្លាំង និងគាំទ្រខ្លាំង និងមានអ្នកចូលទស្សនារាប់សែនដង ត្រឹមរយៈពេលខ្លី។

ជាការពិត បទចម្រៀងដែលនិយាយពីស្នេហាមួយគូ របស់បុរសដែលអ្នកក្រ មិនសូវមានទ្រព្យ ដែលមានសង្សារជាកូនអ្នកមានទ្រព្យស្ដុកស្ដម។ ព្រោះ​​តែក្ដី​ស្រលាញ់ ទៅ​លើ​នារី​ម្នាក់​ដែល​​ជា​ស្រី​ស្អាត​ស៊ីវិល័យ បុរស​ម្នាក់​នោះ ខំ​ប្រឹង​ធ្វើ​ការ​រក​ប្រាក់ ដើម្បី​ផ្គាប់​ចិត្ត​នារី​ម្នាក់​នោះ ទិញ​​ចិញ្ចៀន​​ពេជ្ររបស់​ប្រេនៗ​ចូល​ហាង​ទំនើប ដើម្បីផ្គាប់​ចិត្តនារីដែលខ្លួនស្រលាញ់ ខណៈ​ដែល​ខ្លួន​ឯង​សុខ​ចិត្ត​ញ៉ាំ​មី ធ្វើជា​កម្មករ ជួល​ផ្ទះ​គេ​នៅ ស្ទើរ​​រក​ប្រាក់​បង់​ថ្លៃ​ផ្ទះ​មិន​បាន។

ប៉ុន្តែនារីម្នាក់នោះ គឺមិនបានគិតលើទ្រព្យសម្បតិ្តរបស់គូស្នេហ៍នាងឡើយ ក៏ព្រោះតែនាងឃើញទឹកចិត្តក៏ដូចជា ការជួយអ្នកដទៃ និងចាស់ជរាជាដើមទើបរូបនាងដាក់ចិត្តស្រលាញ់ អស់ពីបេះដូង ទោះបីខ្លួនជាកូនអ្នកមានក៏ពិតមែន ប៉ុន្តែទឹកចិត្តនៃការស្រលាញ់ គឺវាធំធេងមិនសម្លឹងទៅលើលុយ និងអ្វីដែលជារបស់ក្រៅខ្លួនគូស្នេហ៍នាងឡើយ។ ចុងក្រោយអ្នកទាំងពីរ កាន់តែស្រលាញ់គ្នាខ្លាំង ព្រមទាំងយល់ចិត្តគ្នាកាន់តែច្រើនឡើងទៀតផង។

ជាមួយគ្នានេះ បទចម្រៀង «សុខចិត្តញ៉ាំមី» របស់លោក ខាន់ ជេមស៍ កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រិយមិត្តទស្សនិកជន ពិសេសមិត្តៗយុវវ័យផ្ទាល់តែម្ដង ខណៈដែលខ្លឹមសារក៏ដូចជាសាច់រឿងក្នុងចម្រៀងនេះ ហាក់បង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅ ស្ដាប់ហើយគឺមានក្ដីសុខទៅតាមបទចម្រៀងតែម្ដង។

មួយវិញទៀត ទស្សនិកជន ហាក់ធ្វើការកោតសរសើរខ្លាំងទៅលើទឹកដមសំឡេងដ៏ក្រអួនក្រអៅ និងមានទឹកដមរបស់លោក ខាន់ជេមស៍ ទៅលើបទចម្រៀងមួយនេះ ពោលគឺមានមនោសញ្ចេតនាខ្លាំងតែម្ដង។

ចង់ដឹងថាកាន់តែច្បាស់ថា «សុខចិត្តញ៉ាំមី» របស់តារាចម្រៀងលោក ខាន់ ជេមស៍ ពីរោះ និងមានខ្លឹមសារយ៉ាងណា សូមប្រិយមិត្តទស្សនិកជន រីករាយសណ្ដាប់ក៏ដូចជាទស្សនាទាំងអស់គ្នា៖