(ក្រុងឡុងដ៍)៖ គិតត្រឹមពេលនេះ កីឡាករខ្សែប្រយុទ្ធ Jamie Vardy បានឡើងឈរកំពូលតារាងជាអ្នករកបានគ្រាប់ស៊ុតច្រើនជាងគេ ១០គ្រាប់ បន្ទាប់ពីរួមចំណែកជួយក្រុមកញ្ជ្រោងខៀវ Leicester City បំបាក់ម្ចាស់ផ្ទះ Crystal Palace ក្នុងលទ្ធផល ២-០ នៃការប្រជែងពានរង្វាន់លីគកំពូលអង់គ្លេស Premier League នារាត្រីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

កីឡាករខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Vardy បន្តរកបានគ្រាប់បាល់ទី១០ របស់ខ្លួននៅ PL ក្នុងរដូវកាលនេះនៅនាទី៨៨ ក្រោយពេលមិត្តរួមក្រុម Caglar Soyuncu រកបានគ្រាប់បើកឆាកនៅនាទី៥៧ ជួយក្រុមដែលមានលោក Brenden Rodger ជាគ្រូបង្វឹក បន្តរកបាន ៣ពិន្ទុបន្ថែមឡើងទៅឈរនៅលេខ៣ វិញដោយមាន ២៣ពិន្ទុតាមពីក្រោយក្រុមលេខ២ Manchester City ដែលជាក្រុមការពារជើងឯកមកនៅត្រឹមតែ ២ពិន្ទុប៉ុណ្ណោះ ដែលមាន ២៥ពិន្ទុ និងចាញ់ក្រុមកំពូលតារាង Liverpool ៨ពិន្ទុគិតត្រឹមសប្តាហ៍ទី១១ ជើងទី១ នេះ។

កីឡាករដែលជួយ Leicester City ឈ្នះជើងឯក Premier League ជាប្រវត្តិសាស្រ្តរបស់ក្លឹបកាលឆ្នាំ២០១៦ Jamie Vardy តែងតែរកបានគ្រាប់បាល់ជានិច្ចក្នុងចំណោមជ័យជម្នះ ៣ប្រកួតចុងក្រោយ ពោលពេល Leicester ឈ្នះ Burnley ២-១ រកបានហែតទ្រីកពេលបំបាក់ Southampton ៩-០ និងឈ្នះ Crystal ២-០ យប់មិញ។

កីឡាករសញ្ជាតិអង់គ្លេស Jamie Vardy បច្ចុប្បន្នបាននិងកំពុងរកបាន ១០គ្រាប់ឈរលើកំពូលតារាង Top Scorer នាំមុខខ្សែប្រយុទ្ធ Tammy Abraham របស់ Chelsea និងខ្សែប្រយុទ្ធ Sergio Aguero របស់ Man City ដែលមាន ៩គ្រាប់ស្មើគ្នា៕