(ក្រុងឡុងដ៍)៖ បញ្ហារបួសកជើងជាទម្ងន់របស់កីឡាករខ្សែបម្រើ Andre Gomes របស់ក្លឹប Everton ត្រូវការវះកាត់ជាចាំបាច់ បន្ទាប់ពីប៉ះទង្គិចជាមួយ Son Heung-min របស់ Spurs ក្នុងជំនួបនាយប់មិញនេះដែលបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ១-១ នៅ Premier League។

កីឡាករសញ្ជាតិអេស្ប៉ាញ Gomes ត្រូវបានកីឡាករខ្សែបម្រើកូរ៉េខាងត្បូង Son ស្លាយពីចំហៀងត្រូវកជើងជាទម្ងន់នៅនាទី៨៤ មុនពេលត្រូវបានក្រុមគ្រូពេទ្យសែងចេញពីទីលាន Goodison Park គ្រាដែល Son ត្រូវបានអាជ្ញាកណ្តាលពិន័យក្រហមដើរចេញពីទីលានទាំងទឹកភ្នែកផងដែរ។

ក្រោយចប់ការប្រកួតផងដែរ លោក Mauricio Pochettino ក៏បានផ្ញើសារជូនពរទៅដល់ Gomes សូមឲ្យឆាប់ជាសះស្បើយ និងទទួលបានជោគជ័យក្នុងការវះកាត់ដ៏ខ្លីខាងមុខ។

Spurs ខកខានឡើងទៅឈរនៅលេខរៀងទី៨ ដោយបន្តឈរនៅលេខរៀងទី១១ ដដែល ក្រោយពេល Everton តាមបានស្មើ ១-១ នៅនាទី៩០+៧ គ្រាដែលក្រុមរបស់ Gomes ឈរនៅលេខ១៧ ដោយមាន ១១ពិន្ទុ នៅក្រៅតំបន់កាត់ចោលតែ ៣ពិន្ទុប៉ុណ្ណោះ៕