(ក្រុងម៉ូនិច)៖ ថ្នាក់ដឹកនាំក្លឹបខ្លារខិន Bayern Munich បានសម្រេចបណ្តេញអ្នកចាត់ការទូទៅ Niko Kovac ជាផ្លូវការហើយ ក្រោយដឹកនាំប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ Eintracht Frankfurt រហូតដល់ទៅ ៥-១ ក្នុងលីគកំពូលអាល្លឺម៉ង់ Bundesliga កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន។

តាមរយៈបរាជ័យក្រៅដីជាលើកទី២ ក្នុងចំណោម ១០ប្រកួតនារដូវកាលឆ្នាំ២០១៩-២០២០ បានធ្វើឲ្យក្រុមការពារតំណែងជើងឯក Bayern Munich ឈរនៅលេខរៀងទី៤ បណ្តោះអាសន្ន ដោយមាន ១៨ពិន្ទុ ក្រៅពីឈ្នះ៥ និងស្មើ៣។ លោក Hans Flick គ្រូជំនួយរបស់ Kovac នឹងចូលដឹកនាំក្រុមបន្ត ដើម្បីប្រកួតទល់នឹង Olympiakos និង Borussia Dortmund។

លោក Kovac ដែលធ្លាប់ជាអតីតកីឡាកររបស់ក្លឹប Bayern Munich នៅអំឡុងឆ្នាំ២០០១ ដល់ឆ្នាំ២០០៣ ដែលលេងបាន ៥១ប្រកួតនោះ បានរងសម្ពាធ​តាំងពីរដូវកាលមុនមកម្ល៉េះ តែរាងធូរស្បើយទៅវិញ ពេលជួយក្លឹបឈ្នះជើងឯក Bundesliga និងពានលំដាប់ទី២ German Cup៕