(កូរ៉េ)៖​ កីឡាការិនីស្នូកឃ័រដ៏ឆ្នើមរបស់កម្ពុជា ស្រួង ភាវី បានសាងកិត្តិយសជូនជាតិជាថ្មីទៀតហើយ បន្ទាប់ពីលោកស្រីការពារតំណែងជើងឯកបានសម្រេច ក្នុងការប្រកួតកីឡាស្នូកឃ័រជ្រើសរើសជើងឯកអាស៊ី ឆ្នាំ២០១៩(2019 The 2nd Asian Championship 3-Cushion Ladies) នៅសាធារណៈរដ្ឋកូរ៉េ ដែលបានបញ្ចប់ការប្រកួត កាលពីម្សិលមិញ ។

កីឡាការិនីមានប្រភពពីខេត្តត្បូងឃ្មុំរូបនេះ បានឲ្យដឹងថា ការប្រកួតជើងឯកអាស៊ីផ្នែកនារីនេះ មានកីឡាការិនីចូលរួម ១៦នាក់ ដែលប្រជុំសុទ្ធតែជើងខ្លាំង ពិសេសម្ចាស់ផ្ទះកូរ៉េ ។ តែគួរឲ្យមោទនភាពបំផុត ស្រួង ភាវី ធ្វើបានយ៉ាងល្អ ដោយដណ្ដើមបានជ័យជម្នះ ៦ប្រកួតផ្ទួនៗ លើកីឡាការិនីម្ចាស់ផ្ទះ និងជប៉ុន រហូតដល់វគ្គផ្ដាច់ព្រ័ត្រ បានយកឈ្នះកីឡាការិនីកូរ៉េ ដើម្បីឈ្នះមេដាយមាសតែម្ដង ។

ស្រួង ភាវី បានបញ្ជាក់ថា នេះគឺជាលើកទី២ ហើយ ដែលនាងឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍នេះ ក្នុងនាមកីឡាការិនីតំណាងប្រទេសកម្ពុជា ។ លោកស្រីបានបង្ហាញអារម្មណ៍រំភើបរីករាយជាខ្លាំង ដែលបាននាំមកនូវជ័យជម្នះ និងលើកទង់ជាតិកម្ពុជា បង្ហាញលើឆាកអន្ដរជាតិ ។ លើសពីនេះ ភាវី ក៏បានអរគុណសហព័ន្ធកីឡាស្នូកឃ័រកម្ពុជា និងប្រជាពលរដ្ឋកម្ពុជា ដែលតែងតែគាំទ្រ និងផ្ដល់កម្លាំងចិត្តដល់នាងផងដែរ ។

គួរបញ្ជាក់ថា ស្រួង ភាវី បានចាប់ផ្ដើមអាជីពកីឡាការិនីស្នូកឃ័រ បន្ទាប់ពីនាងរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីជាជនជាតិកូរ៉េ ហើយរយៈពេលជិត ១០ឆ្នាំមកហើយ ដែលនាងទៅរស់នៅជាមួយស្វាមី នៅសាធារណរដ្ឋកូរ៉េ ។ ប៉ុន្ដែបន្ទាប់ពីវិវត្តន៍ក្លាយជាកីឡាការិនីជើងខ្លាំងស្នូកឃ័រលំដាប់អន្ដរជាតិ នាងមិនបានភ្លេចប្រទេសកំណើនខ្លួនឡើយ ដោយ ភាវី តែងនាំទង់ជាតិកម្ពុជា ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិជាច្រើន ហើយថែមទាំងបានលើកស្ទួយវិស័យកីឡាស្នូកឃ័រនៅកម្ពុជាទៀតផង៕