(ភ្នំពេញ)៖ ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា នឹងបន្ដជួបក្រុម U-19 កោះម៉ារីអាណាខាងជើងនាវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ ក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ជើងឯកយុវជនអាស៊ី (AFC U-19 Championship 2020) ប្រចាំពូល G។

នេះគឺជាការប្រកួតទី២ របស់ក្រុមទាំងពីរ បន្ទាប់ពីប្រកួតបើកឆាក សុទ្ធតែបរាជ័យរៀងៗខ្លួន ពោលគឺក្រុមគោព្រៃជំទង់កម្ពុជា បានចាញ់ក្រុម U-19 ម៉ាឡេស៊ី ៥-៤ និងក្រុម U-19 កោះម៉ារីអាណាខាងជើង ចាញ់ក្រុម U-19 ប្រ៊ុយណេ ៤-៣។ ដូច្នេះល្ងាចនេះ គឺជាការប្រកួតដណ្ដើម ៣ពិន្ទុដំបូងសម្រាប់ក្រុមទាំងពីរ។

លោក Koji Gyotoku គ្រូបង្វឹកក្រុម U-19 កម្ពុជា បានលើកឡើងថា នេះគឺជាការប្រកួតដ៏ចាំបាច់ បន្ទាប់ពីក្រុមខ្លួនបានបាត់បង់ ៣ពិន្ទុទាំងគួរឲ្យសោកស្ដាយពេលជួបម៉ាឡេស៊ី។ លោករំពឹងកូនក្រុមម្នាក់ៗ នឹងរក្សាស្មារតីប្រកួតប្រជែងកាន់តែខ្លាំងថែមទៀត ដើម្បីទទួលបានលទ្ធផលល្អ ក្នុងប្រកួតបន្ទាប់ជាមួយកោះម៉ារីអាណាខាងជើងនេះ។

សម្រាប់កម្មវិធីប្រកួតពូល G ថ្ងៃនេះ គឺមាន ២ប្រកួត ក្នុងនោះក្រុម U-19 ប្រ៊ុយណេ ត្រូវជួបអតីតក្រុមជើងឯក ២សម័យកាលថៃ នៅម៉ោង ៣៖៣០នាទីរសៀល បន្ទាប់មកទើបចូលដល់ការប្រកួតរវាងក្រុម U-19 កម្ពុជា និងកោះម៉ារីអាណាខាងជើង ដែលនឹងចាប់ផ្ដើមការប្រកួតនាវេលាម៉ោង ៦៖៣០នាទីល្ងាច នៅពហុកីឡដ្ឋានជាតិតែមួយគត់៕