(ភ្នំពេញ)៖ ក្រុមបាល់ទាត់យុវជនជម្រើសជាតិអាយុក្រោម ១៩ឆ្នាំកម្ពុជា បានរបូត ៣ពិន្ទុនៅថ្ងៃបើកឆាកវគ្គជម្រុះពានជើងឯកប្រចាំទ្វីបអាស៊ី AFC U19 Championship 2020 ជាមួយនឹងលទ្ធផលចាញ់ក្រុមភ្ញៀវ U19 ម៉ាឡេស៊ី ៤-៥។

ក្នុងជំនួបដ៏ស្វិតស្វាញដែលត្រូវបានធ្វើឡើងនៅរាត្រីថ្ងៃសៅរ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ កម្ពុជាបានរបូតដល់ទៅ ៣គ្រាប់សម្រាប់វគ្គទី១ រយៈពេល ៤៥នាទី មុនពេលដែលក្រុមម៉ាឡេស៊ីនៅសល់សមាជិកតែ ៩នាក់ប៉ុណ្ណោះចាប់ពីនាទីទី៦០ មកក្នុងវគ្គទី២ ដោយសារកីឡាករខ្សែការពារម៉ាឡេស៊ី ២រូបបានធ្វើឲ្យមានកំហុសទៅលើប្រធានក្រុម សៀង ចន្ធា នៅតំបន់ដំបូលទូកនោះ។

ភ្លាមៗនោះ កម្ពុជារកបានគ្រាប់បែកពងមាន់ ១-៣ នៅនាទី៦១ និងរកបានគ្រាប់ទី២ ទៀតនៅនាទី៦៥ មុនបន្តរបូតគ្រាប់ទី៤ នៅ២នាទីបន្ទាប់ មុនពេលបន្តរបូតគ្រាប់ទី៥ នៅនាទីទី៧៣ និង ៤នាទីបន្ទាប់ កម្ពុជារកបានគ្រាប់ទី៣ ទៀតនៅនាទី៧៧ និងគ្រាប់ចុងក្រោយរបស់កម្ពុជា នៅនាទីទី៨៨ ចុងម៉ោង។

តាមរយៈពេលលទ្ធផលចាញ់នេះ បានធ្វើឲ្យក្រុមម្ចាស់ផ្ទះ U19 កម្ពុជាធ្លាក់ទៅឈរនៅលេខរៀងទី៤ ប្រចាំពូល G បណ្តោះអាសន្ន នៅពីខាងលើកោះម៉ារីណាខាងជើង ដែលចាញ់ក្រុម U19 ប្រ៊ុយណេ ៣-៤ នារសៀលថ្ងៃសៅរ៍នេះដែរ។ ១ប្រកួតបន្ទាប់កម្ពុជា ត្រូវប៉ះក្រុម U19 ម៉ារីណាខាងជើងនៅថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកាសប្តាហ៍ក្រោយ ក្រោយពេលប្រ៊ុយណេ ប៉ះថៃនៅម៉ោង ១៥៖៣០នាទីនៅពហុកីឡដ្ឋានជាតិដែរនោះ៕