(ភ្នំពេញ)៖ ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា នឹងត្រូវប៉ះក្រុម U-19 ម៉ាឡេស៊ី នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ នៅពហុកីឡដ្ឋានជាតិ ក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់យុវជនជើងឯកអាស៊ី ឆ្នាំ២០២០ (AFC U-19 Championship 2020)។

គេចាំបានថា កាលពីថ្ងៃទី១១-សីហាកន្លងទៅ ក្រុមទាំងពីរបានជួបគ្នាក្នុងវគ្គជម្រុះពានរង្វាន់ AFF U-18 Championship 2019 នៅប្រទេសវៀតណាមម្ដងរួចមកហើយ ដោយក្រុម U-18 ម៉ាឡេស៊ី បានយកឈ្នះ ៣-០។ ប៉ុន្ដែមកទល់ឥឡូវសមាសភាពកីឡាករក្រុមទាំងពីរ ក៏មិនសូវមានការផ្លាស់ប្ដូរច្រើនដែរ ដូច្នេះចាំមើលល្ងាចនេះ តើក្រុមគោព្រៃជំទង់កម្ពុជា អាចសងសឹកម៉ាឡេស៊ីបានវិញឬទេ?

លោក Gyotoku Koji គ្រូបង្វឹកក្រុម U-19 កម្ពុជា បានថ្លែងក្នុងសន្និសីទមុនការប្រកួតថា នេះគឺជាការប្រកួតដ៏សំខាន់ ពិសេសជំនួបបើកឆាក ដែលលោកកំពុងទន្ទឹងរង់ចាំ ហេតុនេះលោកនឹងព្យាយាមដឹកនាំក្រុមឲ្យអស់ពីលទ្ធភាព ដើម្បីប្រកួតប្រជែង និងដណ្ដើមលទ្ធផលល្អ។ លោកថា ទោះបីការរៀបចំក្រុមរបស់ខ្លួន មិនទាន់ល្អណាស់ណាក្ដី តែលោកជឿជាក់កូនក្រុមខ្លួន បានត្រៀមខ្លួនរួចរាល់ ដើម្បីការប្រកួតនេះ។

ដោយឡែកគ្រូបង្វឹករបស់ក្រុម U-19 ម៉ាឡេស៊ី លោក Bradley John Maloney វិញ បានលើកឡើងដោយជឿជាក់ថា ក្រុមខ្លួនបានត្រៀមលក្ខណៈសម្បត្ដិរួចរាល់ហើយ ហើយក៏សង្ឃឹមថា កូនក្រុមនឹងធ្វើបានល្អទទួលបានលទ្ធផលល្អគ្រប់ការប្រកួតផងដែរ ពិសេសប្រកួតដំបូងជាមួយម្ចាស់ផ្ទះកម្ពុជា ដែលលោកនឹងព្យាយាមស្វែងរក ៣ពិន្ទុឲ្យខានតែបាន។

គួរបញ្ជាក់ថា វគ្គជម្រុះពានរង្វាន់ AFC U-19 Championship 2020 ដែលកម្ពុជា ទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ នឹងចាប់ផ្ដើមពីថ្ងៃទី០២ ដល់ថ្ងៃទី១០ ខែវិច្ឆិកាខាងមុខ នៅលើទីលានពហុកីឡដ្ឋានជាតិ ហើយកម្ពុជាត្រូវបើកទ្វារផ្ទះទទួលក្រុមភ្ញៀវ ៤ប្រទេស រួមមានក្រុម U-19 ម៉ាឡេស៊ី ថៃ ប្រ៊ុយណេ និងក្រុមកោះម៉ារីអាណាខាងជើង។ ជាក់ស្ដែងថ្ងៃនេះ មុនកម្ពុជា ប៉ះម៉ាឡេស៊ី ក៏មាន ១គូ ត្រូវប្រកួតនៅម៉ោង ៣៖៣០នាទីរសៀលដែរ គឺក្រុមកោះម៉ារីអាណាខាងជើង ប៉ះក្រុម U-19 ប្រ៊ុយណេ៕