(ភ្នំពេញ)៖ តារាសម្ដែង និងជាពិធីការនីរូបស្រស់គឺ ស្រីស្អាត ណូម័រ ដែលមានឈ្មោះពិតថា អន រ៉ាស៊ីសុមេត្តា មុននេះបន្តិចបានធ្វើឲ្យមហាជន ជាពិសេសអ្នកនៅក្នុងចង្កោមសិល្បៈ មានការភ្ញាក់ផ្អើល និងស្ទើរតែមិនចង់ជឿ ដោយស្រីស្អាតរូបនេះ បានបង្ហាញពីដំណឹងលែងលះ ជាមួយនឹងស្វាមី គឺ​វីជេ សុភា ខណៈដែលអ្នកទាំងពីរទើបតែរៀបការ បានមិនដល់មួយឆ្នាំផង ពោលគឺទើបបានរយៈពេលជាង៥ខែប៉ុណ្ណោះ។

យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួន របស់តារាសម្ដែងស្រីរាងតូចច្រឡឹង ណូម័រ ​បានបង្ហោះសាររៀបរាប់នៅមុននេះថាបាន «រៀនកាត់ចិត្ត រឿងណាកន្លងផុតទៅហើយ ឲ្យវាផុតទៅចុះ កុំស្តាយអី ស្តាយទៅ ក៏គ្មានបានផលអីមកវិញដដែល បើរឿងអាចកែខៃបាន ប្រឹងដោះស្រាយទៅ តែបើកែខៃមិនកើតទេ ចាត់ទុកថាវាជាផលបាបរបស់អ្នកចុះ អ្នកអាចទុកវា ជាបទពិសោធន៍ជីវិតបាន តែកុំស្ពាយសំពីងសំពោងពេក​ ធ្ងន់ពេកទៅ ទៅមុខមិនឆ្ងាយទេ»

នាងបន្ថែមថា «ចាប់ផ្តើមគិតរឿងថ្មី រឿងបច្ចុប្បន្ន រឿងដែលត្រូវធ្វើបន្ត ទីបំផុតនៃរឿងមួយ ជាចំណុចចាប់ផ្តើមនៃរឿងថ្មីមួយទៀត បើអ្នកព្រមបញ្ចប់វា តែបើអ្នកនៅក្តៅក្រហាយនឹងរឿងចាស់ មានន័យថា អ្នកអនុញ្ញាតឲ្យទុកពីអតិតបង្កើត កូនចៅមករំខានអ្នកដល់ពេលបច្ចុប្បន្នបន្តទៀត នោះអ្នកនៅតែជាជនរងគ្រោះរបស់អតីតកាលដដែល ខ្មោចងាប់ហើយត្រូវយកទៅកប់ កុំទុកនៅលើផ្ទះយូរពេក ពេលកប់ហើយ កុំគាស់មកហិតអី ក្លិនមិនល្អទេ បើដើរត្រូវសំឡឹងទៅមុខ កុំបែរក្រោយយូរពេក ប្រយ័ត្នមានគ្រោះថ្នាក់ បើអ្នកប្រឹងប្រែងថែរក្សាវាហើយ តែវានៅតែមិនគង់វង្ស មានន័យថារបស់នោះ មិនមែនជារបស់អ្នកទេ រៀនអនុញ្ញាតឲ្យអតីតកាលកន្លងទៅ ហើយរៀនអត់ឱនឲ្យខ្លួនអ្នកផង ប្រឹងប្រែងតស៊ូពីថ្ងៃនេះតទៅ រៀនដោះលែងខ្លួនអ្នកពីអតីតកាល ជីវិតអ្នកនឹងបានសុខសាន្ត»

មហាជន ក៏ដូចជាមិត្តរួមអាជីព របស់ណូម័រ និងស្វាមី បានសម្ដែងនូវការងឿងឆ្ងល់ជាខ្លាំង ចំពោះដំណឹងលែងលះ របស់នាងនឹងស្វាមី ខណៈដែលកន្លងមក ជីវិតប្ដីប្រពន្ធមួយគូនេះ ហាក់មានភាពផ្អែមល្ហែម មិនដែលមានរឿងរង្គោះរង្គើជាមួយគ្នា ឲ្យមហាជនដឹងឡើយ។ ដោយឡែកស្រាប់តែស្ងាត់ៗ ណូម័រ និងស្វាមី បែរជាសម្រេចចិត្តលែងលះគ្នាទៅវិញ។ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា ណូម័រ និងស្វាមី គឺវីជេ សុភា មានរឿងរ៉ាវមិនចុះសម្រុងជាមួយគ្នាយ៉ាងណានោះទេ ទើបដល់ថ្នាក់ បញ្ចប់រឿងដោយវិធី លែងលះគ្នាបែបនេះ។

គួរបញ្ជាក់ថា តារាសម្ដែង និងជាពិធីការនី ពូកែវោហាស័ព្ទ អ្នកនាង ណូម័រ និងវីជេ សុភា បានរួមរស់នៅជាមួយគ្នា ព្រមទាំងបានចុះលិខិតអាពាហ៍ពីពាហ៍ រយៈជាយូរមកហើយ ទើបសម្រេចរៀបការបំពេញមុខមេបា កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០១៩នេះ បើគិតមកទល់ពេលនេះ គឺទើបតែបានរយៈពេល៥ខែប៉ុណ្ណោះ តែ ណូម័រ ស្រាប់តែទម្លាយពីរឿងលែងលះ រវាងខ្លួន និងស្វាមី​ គួរឲ្យភ្ញាក់ផ្អើល៕