(ភ្នំពេញ)៖ ខ្សែភាពយន្តបែបស្នេហារ៉ូមែនទិក និយាយពីទំនាក់ទំនងស្នេហ៍ឆ្លងប្រទេស ចំណងជើងថា «ពន្លកស្នេហ៍រីកលើដីកម្ពុជា» ទទួលបានពានរង្វាន់ដល់ទៅ៣ ក្នុងមហោស្រពខ្សែភាពយន្ត San Francisco International New Concept Film Festival លើកទី ៦ នៅប្រទេសចិន។

យើងតាមផេកផ្លូវការរបស់ Prince Real Estate Group បានឲ្យដឹងថា ខ្សែភាពយន្តរឿងពន្លកស្នេហ៍រីកលើដីកម្ពុជា ទទួលបានពានរង្វាន់ក្នុងមហោស្រពខ្សែភាពយន្ត San Francisco International New Concept Film Festival ព្រមទាំងនឹងត្រូវបានចាក់បញ្ចាំងប្រទេសចិននាថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះហើយ។
ខ្សែភាពយន្តរឿង «ពន្លកស្នេហ៍រីកលើដីកម្ពុជា» ដែលវិនិយោគដោយក្រុមហ៊ុន ព្រីនស៍ រៀល អុីស្ទេត គ្រុប បានចេញផូសស្ទើរខ្សែភាពយន្តនៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៩ សម្រាប់ផ្សព្វផ្សាយការចាក់បញ្ចាំងទូទាំងប្រទេសចិន នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។

ក្រុមការងារនៃខ្សែភាពយន្តនេះ ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងមហោស្រពខ្សែភាពយន្ត San Francisco International New Concept Film Festival លើកទី ៦ ហើយបានទទួលពានរង្វាន់ធំៗចំនួន ៣ រួមមានពានរង្វាន់សាច់រឿងអន្ដរជាតិល្អបំផុត ពានរង្វាន់តួឯកប្រុសឆ្នើម និងពានរង្វាន់អ្នកនិពន្ធរឿងឆ្នើម។

គួរជម្រាបថា រឿង «ពន្លកស្នេហ៍រីកលើដីកម្ពុជា» ជាខ្សែភាពយន្តក្នុងប្រធានបទ «ស្នេហាឆ្លងប្រទេស» រវាងបុរសជនជាតិចិន និងនារីជនជាតិខ្មែរ ព្រមទាំងប្រើទស្សនៈសិល្បៈដើម្បីស្វែងយល់ និងបង្ហាញពីក្តីស្រឡាញ់ឆ្លងប្រទេសដ៏រ៉ូមែនទិករបស់ប្រជាជនកម្ពុជា និងចិនទាំងពីរជំនាន់៕