(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកានេះ បានកោះអញ្ជើញមន្ដ្រីសហព័ន្ធកីឡាជាតិ ចូលរួមកិច្ចប្រជុំដ៏ធំមួយ ដើម្បីផ្ដល់នូវព័ត៌មានសំខាន់ៗជុំវិញការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។ កិច្ចប្រជុំនេះបានធ្វើឡើងក្រោមវត្តមានលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC តំណាងលោកបណ្ឌិត ថោង ខុន ប្រធាន NOCC និងជាប្រធានប្រតិភូកីឡាស៊ីហ្គេមផងដែរ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា បេសកកម្មលើកនេះ កម្ពុជាបែងចែកជា ៣ក្រុមសំខាន់ៗ ទី១-ក្រុមកីឡាករ-កីឡាការិនី គ្រូបង្វឹក និងប្រតិភូ ទី២-ក្រុមអ្នកសម្របសម្រួលហ្គេម មាននាយបេសកកម្ម រដ្ឋបាល ហិរញ្ញវត្ថុ និងគ្រូពេទ្យជាដើម និងទី៣-គឺជាក្រុមថ្មី ដោយមានការចូលរួមពីមន្ដ្រីជំនាញរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។

ប៉ុន្ដែខ្លឹមសារសំខាន់នៃកិច្ចប្រជុំ លោកបានជំរុញដល់គ្រប់សហព័ន្ធ ត្រូវពិនិត្យលើកម្មវិធីប្រកួត និងកម្មវិធីផ្សេងៗដែលកំណត់ដោយម្ចាស់ផ្ទះឲ្យបានច្បាស់លាស់ ដើម្បីចៀសវាងបញ្ហាផ្សេងៗ ពិសេសលោកបានផ្ដោតលើការងារប្រតិភូ មានអគ្គលេខាធិការ និងគ្រូបង្វឹក តាមប្រភេទកីឡានីមួយៗ ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ទៅលើកីឡាករ-កីឡាការិនីរបស់ខ្លួន ទាំងការធ្វើដំណើរ ការហ្វឹកហាត់ និងកម្មវិធីប្រកួតជាដើម ដើម្បីធានាការប្រកួតប្រជែងប្រកបដោយគុណផលល្អ។

លោកថា ក្រុមទី១ ពិសេសប្រតិភូ អគ្គលេខាធិការ និងគ្រូបង្វឹក អត់ត្រូវទៅណាឆ្ងាយពីកន្លែងប្រចាំការរបស់ខ្លួននោះទេ លើកលែងកីឡាករ-កីឡាការិនី កំពុងហ្វឹកហាត់នៅក្រៅប្រទេស ដើម្បីតានដានរាល់ព័ត៌មាន និងផ្ដល់ព័ត៌មានដល់កីឡាករ-កីឡាការិនី។ ពិសេសត្រូវរៀបចំឲ្យរួចរាល់នូវឯកសារសំខាន់ៗទាំងអស់ដូចជាប៉ាស្ព័រ និងកាតសម្គាល់ខ្លួន (ID) ជាដើម។ លើសពីនេះ លោកបានជំរុញគ្រូបង្វឹក ត្រូវចូលរួមរាល់កិច្ចប្រជុំ ២ថ្ងៃមុនការប្រកួត ដើម្បីបានដឹងអំពីបច្ចេកទេសចុងក្រោយ មុនការប្រកួតមកដល់។

សម្រាប់ក្រុមទី២ មាននាយបេសកកម្ម មន្ដ្រីរដ្ឋបាល មន្ដ្រីហិរញ្ញវត្ថុ និងគ្រូពេទ្យ ត្រូវរួមគ្នាធ្វើការក្នុងអគ្គលេខាធិការដ្ឋាន ដើម្បីរក្សាទំនាក់ទំនង និងពង្រឹងការងារ ដ្បិតនេះគឺជាលើកដំបូងហើយ ដែលកម្ពុជាបានបញ្ជូនថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុបជាង ៤៥០នាក់ទៅចូលរួម។ ហេតុនេះ អគ្គលេខាធិការ NOCC ខាងលើ បានស្នើឲ្យគ្រប់ផ្នែក ត្រូវមានឯកសារលើតួនាទីភារកិច្ចរៀងៗខ្លួន។

ចំណែកក្រុមទី៣ ដែលជាក្រុមមន្ដ្រីជំនាញ ពិសេសមន្ដ្រី CAMSOC ត្រូវទទួលភារកិច្ចសំខាន់ក្នុងការសិក្សាស្រាវជ្រាវ ដកស្រង់បទពិសោធន៍ក្នុងហ្គេម ពោលគឺត្រូវទទួលព័ត៌មានឲ្យបានច្បាស់ការអំពីការគ្រប់គ្រង និងការរៀបចំផ្សេងៗ។ ប៉ុន្ដែលោកបានស្នើសុំ ទោះបីមានបញ្ហាអ្វីកើតឡើង ឬបញ្ហាអវិជ្ជមានក្នុងការរៀបចំរបស់ម្ចាស់ផ្ទះយ៉ាងណា មិនត្រូវវាយតម្លៃនោះទេ គ្រាន់តែកត់ត្រា ឬទុកជាបទពិសោធន៍ ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ បានហើយ។

បើតាមការបញ្ជាក់របស់នាយបេសកកម្មដដែលបានបន្ដថា មុនចេញដំណើរទៅចូលរួមព្រឹត្តិការណ៍ប្រចាំតំបន់ខាងលើ ដែលត្រូវបានចាត់ទុកជាស៊ីហ្គេមយុទ្ធសាស្ដ្រលើកទី១ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជានេះ ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទាំងអស់ ក៏នឹងទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឲ្យចូលជួបសម្ដែងការគួរសម សំណេះសំណាល និងផ្ដល់អនុសាសន៍លើកទឹកចិត្ត នាថ្ងៃទី១៨ ខែវិច្ឆិកាខាងមុខនេះផងដែរ។

គួរបញ្ជាក់ថា បេសកកម្មចូលរួមប្រកួតកីឡាស៊ីហ្គេម នៅហ្វីលីពីនឆ្នាំនេះ កម្ពុជានឹងបញ្ជូនអត្តពលិកចំនួន ៣០ប្រភេទកីឡាទៅចូលរួម។ ចំពោះពិធីបើកការប្រកួត គ្រោងធ្វើឡើងនាថ្ងៃទី៣០ ខែវិច្ឆិកា ខណៈពិធីបិទ គ្រោងធ្វើឡើងនាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។ ប៉ុន្ដែមានប្រភេទកីឡាជាក្រុមខ្លះ ក៏ត្រូវធ្វើការប្រកួត មុនពិធីបើកការប្រកួត ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកាតទៅផងដែរ៕