(ភ្នំពេញ)៖​ ពិតណាស់ប៉ុន្មានថ្ងៃនេះ សង្គមសិល្បៈហាក់មានរឿងចម្រូងចម្រាស់មួយចំនួន បង្កការចាប់អារម្មណ៍ពីសំណាក់មហាជនពេញបណ្តាញសង្គម ដែលយើងសូមដាក់ថា «រឿងមិត្តចាស់ជាង១០ឆ្នាំ»។ និយាយរួម គឺក្រោយពីមានការភ្ជាប់ពាក្យ របស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាស ពេជ្រ សូលីកា តែម្តង។ យ៉ាណាមិញ រឿងនេះ​មិនទាន់ស្ងប់ស្ងាត់ស្រួលបួលផង សម្រាប់តែកំពូលតារាចម្រៀង ពេជ្រ សោភា បង្ហោះសារចាក់ដោតប៉ុន្មានឃ្លា មានខ្លឹមសារដាស់តឿនដល់បុគ្គលដែលកំពុងមានបញ្ហា ធ្វើចិត្ត​ត្រជាក់ និងកុំតបត ទើបជារឿងមួយដែលត្រឹមត្រូវ។

អ្នកនាង ពេជ្រ សោភា បានបង្ហោះរូបមួយសន្លឹក ភ្ជាប់ជាមួយនឹងសារយ៉ាងដូច្នេះថា «នៅឲ្យស្ងៀម ចិត្តត្រូវធ្ងន់ កុំតបត ទោះជាគេជេរ ឬដៀលអ្នកច្រើនយ៉ាងណាក៏ដោយ អ្នកត្រូវចាំថា ភាពមិនតបត គឺឈ្នះដោយមិនបាច់ខំ អ្នកកាន់តែស្ងៀម គេកាន់តែឈឺ អ្នកកាន់តែត្រជាក់ គេកាន់តែក្តៅ នៅទីបំផុត គេទេជាអ្នកដុតខ្លួនឯងឲ្យដោយខ្លួនឯង ព្រោះយើងមិនបានតបត។ មេរៀនជីវិត»

ទោះបីមិននិយាយចំ ថាសារនេះចង់សំដៅទៅលើរឿងអ្វីមួយ ឬទៅលើនរណាម្នាក់ក្តី តែអ្នកលេងបណ្តាញសង្គមសឹងតែ ១០០ភាគរយ បានសន្និដ្ឋានថា ពិតជា ពេជ្រ សោភា និយាយនេះចង់ផ្ញើរទៅដល់ ពេជ្រ សូលីកា ដែលកំពុងត្រូវបានមិត្តភ័ក្ត ទម្លាយអាថ៌កំបាំងផ្ទាល់ខ្លួនពេញបណ្តាញសង្គមហើយ។ ត្បិតអី រឿងនេះមិនទាន់ស្ងប់ស្ងាត់ទាំងស្រុង តែសារប៉ុន្មានឃ្លារបស់ ពេជ្រ សោភា ពិតជាបង្កប់នូវអត្ថន័យល្អមែនទែន ក្នុងការដោះស្រាយបញ្ហាអ្វីមួយ ដោយចិត្តត្រជាក់ គ្មានការតបតណាមួយ៕