(ភ្នំពេញ)៖ ក្រុមបាល់ទាត់យុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា នឹងធ្វើឱ្យកក្រើកវាលស្មៅនៅកីឡដ្ឋានជាតិអូឡាំពិក ក្នុងព្រឹត្តិការណ៍វគ្គជម្រុះប្រចាំទ្វីបអាស៊ី AFC U19 Championship 2020 ដោយត្រូវក្រុមប៉ះក្រុម U19 ម៉ាឡេស៊ី នាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃសៅរ៍ ទី០២ ខែវិច្ឆិកាចុងសប្តាហ៍នេះតែម្តង។

កម្ពុជា ប៉ះម៉ាឡេស៊ី ជាការប្រកួតទី២ ក្នុងវគ្គសន្សំពិន្ទុប្រចាំពូល G បន្ទាប់ពី U19 ប្រ៊ុយណេ ប្រកួតទល់នឹង U19 កោះម៉ារីណាខាងជើង នាម៉ោង ៣៖៣០នាទីរសៀលនាថ្ងៃដដែលនៅពហុកីឡដ្ឋានជាតិ ស្ថិតនៅរាជធានីភ្នំពេញតែមួយគត់។

កម្ពុជា ត្រូវប្រជែងកៅអីទល់នឹង ៤ប្រទេសផ្សេងទៀតរួមមាន ម៉ាឡេស៊ី ប្រ៊ុយណេ ថៃ និងកោះម៉ារីអាណាខាងជើង ក្នុងខណៈក្រុមលេខក្នុងពូល នឹងត្រូវឡើងទៅលេងជុំផ្តាច់ព្រ័ត្រវគ្គ ១៦ក្រុមចុងក្រោយនៅអ៊ូសបេគីស្ថាន ឆ្នាំក្រោយ គ្រាដែលលេខ២ ល្អក៏ត្រូវបានជ្រើសរើស ដើម្បីបង្រ្គប់កៅអី ដែលជាព្រឹត្តិការណ៍ប្រិយមិត្តជាច្រើនកំពុងតែទន្ទឹងរង់ចាំ ហើយ U19 កម្ពុជា នឹងរំពឹងកែប្រែប្រវត្តិសាស្ត្រធ្វើឱ្យ ៤៦ប្រទេសស្គាល់ពីបាល់ទាត់កម្ពុជាកាន់តែច្បាស់ថា កម្ពុជាខ្លាំងប៉ុណ្ណា?

ព្រឹត្តិការណ៍ដ៏ធំប្រចាំទ្វីបអាស៊ី AFC U19 Championship 2020 Qualifiers មាន ៤៦ប្រទេសចូលរួមប្រកួតនោះ យកតែ ១៦ក្រុមប៉ុណ្ណោះដែលមានសិទ្ធិឡើងទៅវគ្គជម្រុះបន្ត។ តើក្រុមជម្រើសជាតិប្រទេសណាដែលអាចឡើងទៅវគ្គជម្រុះបន្ត ប្រិយមិត្តប្រាកដជាចង់ដឹង សូមកុំភ្លេចចូលរួមទស្សនាដោយផ្ទាល់នៅពហុកីឡដ្ឋានជាតិ និងនៅគេហដ្ឋាននៅលើកញ្ចក់ទូរទស្សន៍ MyTV ផងដែរ៕