(ភ្នំពេញ)៖ ការប្រកួតវគ្គសន្សំពិន្ទុពានរង្វាន់លីគកំពូលកម្ពុជា ប្រចាំសប្តាហ៍ទី២៦ និងជាសប្តាហ៍ចុងក្រោយនៅក្នុងឆ្នាំ២០១៩ នឹងត្រូវបញ្ចប់នៅចុងសប្តាហ៍នេះ ដោយគូប្រកួតរវាងក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន និងត្រូវស្វាគមន៍ក្រុមកំពង់ចាម នៅថ្ងៃសៅរ៍ ទី០២ ខែវិច្ឆិកា នៃកីឡដ្ឋាន អ.អេស.អិន នាវេលាម៉ោង ៣៖៣០រសៀល។

អ្វីដែលសំខាន់ ក្រោន សប្តាហ៍ទី២៥ បានលេងស្មើជាមួយក្រុមអង្គរថាយហ្គឺរ នៅក្នុងលទ្ធផល ២-២ កាលពីថ្ងៃសៅរ៍ ទី២៦ ខែតុលាកន្លងទៅ នៅក្នុងទឹកដីនៃកីឡដ្ឋានខេត្តសៀមរាប។ ភ្នំពេញក្រោនឆ្លងកាត់ ២៥សប្តាហ៍កន្លងមកនេះ ឈ្នះ១៤ដង ស្មើ ៣ដង និងចាញ់ ៨ដង និងបានឈរនៅចំណាត់ថ្នាកលេខ៦ និងមាន ៤៥ពិន្ទុ។

ចំណែកក្រុមកំពង់ចាមវិញ សប្តាហ៍ទី២៥ បានលេងចាញ់ក្រុមគិរីវង់សុខសែនជ័យ ក្នុងលទ្ធផល ៥-០ កាលពីថ្ងៃអាទិត្យ ទី២៧ ខែតុលាកន្លងទៅនៅក្នុងទឹកដីនៃកីឡដ្ឋាន ខ.ភ.ម (ស្តាតចាស់)។ កំពង់ចាម ឆ្លងកាត់ ២៥សប្តាហ៍កន្លងមកនេះដូចគ្នា ឈ្នះ ២ដង និងចាញ់ ២៣ដង និងបានឈរនៅចំណាត់ថ្នាក់លេខ១៣ និងមាន ៦ពិន្ទុ៕