(ភ្នំពេញ)៖ ដូចប្រិយមិត្តបានជ្រាបមកហើយថា កញ្ញា លៀង ចាន់ឡា គឺជាអតីតបេក្ខភាពក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក X Factor Cambodia ដែលបច្ចុប្បន្នបានក្លាយជាតារាចម្រៀងមួយរូបក្នុង Team Original Song របស់លោក អុីណូ។ យ៉ាងណាមិញ នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ កញ្ញា លៀង ចាន់ឡា នឹងចូលរួមជាតារាកិត្តយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» ដើម្បីបង្ហាញនូវការងារសិល្បៈរបស់ខ្លួន ក្នុងនាមជាតារាស្រីពន្លកថ្មី។

ពិតណាស់ ការប្រឡូកក្នុងវិស័យសិល្បៈរហូតមកដល់នឹងពេលនេះ កញ្ញា លៀង ចាន់ឡា បានបញ្ចេញនូវចម្រៀង Original Song ដែលជា ស្នាដៃដំបូងមួយបទហើយ ក្រោមចំណងជើងថា «ស្រ្តី» ដែលទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន។ ព្រោះតែបទនេះ បានរាប់រៀបពីអ្វីដែលស្ត្រីគ្រប់រូបចង់បាន និងភាពលំបាកនានា ដែលមនុស្សស្រីភាគច្រើន បានឆ្លងកាត់ ធ្វើឲ្យទស្សនិកជនដែលស្តាប់ហើយ ស្លុងអារម្មណ៍តែម្តង។ បទដំបូងនេះ ជាប្រភេទចម្រៀង មនោសញ្ចេតនា រួមផ្សំនឹងទឹកដមសំនៀងរបស់ ចាន់ឡា ពិរោះត្រូវនឹងបទប្រភេទនេះផងនោះ រឹងតែធ្វើឲ្យចម្រៀង មួយនេះមានទម្ងន់តែម្តង។

យ៉ាងណាមិញ ចង់ដឹងថាជីវិតក្នុងនាមជាតារាស្រីពន្លកថ្មីរបស់ លៀង ចាន់ឡា ក្នុងវិស័យសិល្បៈយ៉ាងណានោះ នាងនឹងបកស្រាយឲ្យទស្សនិកជនជ្រាបកាន់តែច្បាស់ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ កម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» មានការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និង ទូរទស្សនខ្សែកាប នៅយប់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោងដដែល៕