(លីវើភូល)៖ ក្រុមបាល់ទាត់ហង្សក្រហម Liverpool រកបានជ័យជម្នះឡើងទៅវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីទម្លាក់កាំភ្លើងធំ Arsenal ចេញពីពានរង្វាន់ League Cup ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី ៥-៤ នៅពេលបញ្ចប់លទ្ធផលស្មើគ្នា ៥-៥ ពេញម៉ោង ៩០នាទីនៅកីឡដ្ឋាន Anfield នារាត្រីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។

ការប្រកួតពេញ ៩០នាទីក្រុមខ្លាំងរបស់អង់គ្លេស Liverpool និង Arsenal បានប្រជែងគ្នាយ៉ាងស្វិតស្វាញដោយមានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នារហូតដល់ ១០គ្រាប់ពីការធ្វើបានសម្រេចដោយកីឡាករ Oxlade-Chamberlain, Origi (២គ្រាប់) James Milner និងកីឡាករ Divock Origi គ្រាដែលទទួលបានគ្រាប់ចំណេញមួយគ្រាប់ពីការធ្វេសប្រហែសចូលទីខ្លួនឯងពីសំណាក់ខ្សែការពារ Shkodran Mustafi របស់ក្រុម Arsenal។

ក្រោយចប់ការប្រកួតលោក Jurgen Klopp គ្រូបង្វឹកក្រុមហង្សក្រហមបានធ្វើការសរសើរយ៉ាងខ្លាំងចំពោះកីឡាករអ្នកចាំទីដៃទី៤ Kelleher ដែលបានជួយសង្រ្គោះគ្រាប់បាល់បានយ៉ាងល្អពីការស៊ុតរបស់កីឡាករ Daniel Ceballos ដែលនេះជាការបង្ហាញខ្លូនលើកទី៤ របស់គេផងដែរ ក្នុងការជួយ Liverpool បានឡើងទៅវគ្គ ៨ក្រុមជាបន្តទៀត។

គួរបញ្ជាក់ផងថា ជំនួបខ្លាំងប៉ះខ្លាំងរវាង Liverpool និង Arsenal បានក្លាយជាជំនួបដ៏ស្វិតស្វាញបំផុតដែលមានការបំប៉ោងសំណាញ់ទីគ្នាច្រើនគ្រាប់ជាងគេ មានដល់ទៅ១០គ្រាប់ក្នុងប្រវត្តិសាស្រ្តរបស់ League Cup កើនគ្រាប់ស៊ុតដល់ទៅ ៤៧គ្រាប់ទៅហើយ ក្នុងចំណោម ១៥ប្រកួតនៅពានរង្វាន់លំដាប់ទី៣ អង់គ្លេសនារដូវកាលនេះ៕