(ភ្នំពេញ)៖​ អតីតម្ចាស់មេដាយសំរឹទ្ធកីឡាស៊ីហ្គេម ៥ជំនាន់ ឈឿង ពុទ្ធារីម ត្រូវបានសហព័ន្ធកីឡាហុកគីអាស៊ី ប្រកាសជ្រើសរើសជាអាជ្ញាកណ្ដាលម្នាក់ ដើម្បីចូលរួមកាត់សេចក្ដីក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នាចុងឆ្នាំ២០១៩ នេះ។

នេះគឺជាដំណឹងមួយគួរឲ្យភ្ញាក់ផ្អើល សម្រាប់អ្នកស្រី ឈឿង ពុទ្ធារីម ដែលធ្លាប់ជាកីឡាការិនីតេក្វាន់ដូឆ្នើមមួយរូប បែរជាវិវត្តន៍ខ្លួនក្លាយជាអាជ្ញាកណ្ដាលលំដាប់អន្ដរជាតិផ្នែកកីឡាហុកគី ហើយក៏ជាកំណត់ត្រាប្រវត្តិសាស្ដ្រថ្មី ដែលសហព័ន្ធកីឡាហុកគីកម្ពុជាទទួលបានការអញ្ជើញអាជ្ញាកណ្ដាលចូលរួមកាត់សេចក្ដីក្នុងការប្រកួតអន្ដរជាតិលើកដំបូង នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមចុងឆ្នាំនេះផងដែរ ។

លោក កាំង សុធា អគ្គលេខាធិការសហព័ន្ធកីឡាហុកគីកម្ពុជាបានឲ្យដឹងថា ក្នុងនាមសហព័ន្ធលោកពិតជាមានមោទនភាព ព្រោះតាំងពីកីឡាហុកគីកកើតមក នេះគឺជាលើកដំបូងហើយ ដែលកម្ពុជាមានអាជ្ញាកណ្ដាល ឬមន្ដ្រីរបស់ខ្លួនចូលរួមក្នុងព្រឹត្តិការណ៍អន្ដរជាតិផ្លូវការបែបនេះ ។ លោកបានចាត់ទុកនេះគឺជាការលើកទឹកចិត្តដ៏សំខាន់ សម្រាប់សហព័ន្ធក្នុងការខិតខំអភិវឌ្ឍន៍កាន់តែខ្លាំងថែមទៀត ។

គួរដឹងថា មុនក្លាយជាអាជ្ញាកណ្ដាលកីឡាហុកគីអន្ដរជាតិរបស់កម្ពុជា អ្នកស្រី ឈឿង ពុទ្ធារីម ធ្លាប់បានប្រឡូកអាជីពជាកីឡាការិនីតេក្វាន់ដូជាង ១០ឆ្នាំមកហើយ និងធ្លាប់បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ធំៗជាច្រើនទៀតផង ពិសេសការប្រកួតកីឡាស៊ីហ្គេម ដោយគិតចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៥ អ្នកស្រីបានចូលរួមប្រកួតតំណាងឲ្យជាតិរហូត និងដណ្ដើមបានមេដាយសំរឹទ្ធចំនួន ៥លើកជាប់ៗគ្នាទៀតផង៕