(ភ្នំពេញ)៖ ចម្រៀងនិពន្ធថ្មីពីរបទ ច្រៀងរួមគ្នាដោយលោក សាន ផានិត, លោក លី យ៊ាំង, លោក ណាំ ប៊ុណ្ណារ័ត្ន និងលោក វី ជីវ័ន្ត គឺបទ «កម្ពុជាដែនដីសុវណ្ណភូមិ» និងបទ «មាតុភូមិខ្មែរ» ដែលបង្កប់នូវអត្ថន័យឆ្លុះបញ្ចាំង ពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ទទួលបានការគាំទ្រ ជាមួយសំឡេងស្រែកហោរកញ្ជ្រៀវយ៉ាងសប្បាយ ពីសំណាក់ទស្សនិកជនចំរុះជាតិសាសន ក្នុងមហោស្រពវប្បធម៌ចំរុះ ឆ្នាំ២០១៩ នៅកូរ៉េ។

លោក សាន ផានិត បានឲ្យដឹងតាមរយៈសារអេឡិចត្រូនិចថា ក្នុងកម្មវិធីនេះ មាន១៣ប្រទេសធំៗចូលរួម ហើយប្រទេសនីមួួយៗគឺតម្រូវឲ្យឡើងសម្តែងម្នាក់ម្តង។ ជាក់ស្តែង សម្រាប់កម្ពុជា តំណាងដោយក្រុមរបស់លោក មានសមាជិក៤រូបខាងលើ បានលើកយកនូវចម្រៀងនិពន្ធថ្មីពីរបទ «កម្ពុជាដែនដីសុវណ្ណភូមិ» និង «មាតុភូមិខ្មែរ» ដែលបង្ហាញពីការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា លើកឆាក នៃមហោស្រពវប្បធម៌ចំរុះ។ អ្វីដែលគួរឲ្យកត់សម្គាល់ អំឡុងពេលឡើងបកស្រាយ គឺមានការចូលរួមរាំ ស្រែកហោរកញ្ជៀវ យ៉ាងច្រើនកុះករ ពីសំណាក់អ្នកចូលរួម ដែលធ្វើឲ្យការសម្តែងលើឆាកកាន់តែមានភាពលេចធ្លោរ»។

លោក បន្តថា ក្រៅពីការសម្តែងយ៉ាងរស់រវើកនៅលើឆាកអន្តរជាតិមួយនេះ ក៏មានការបង្ហាញក្បួនវប្បធម៌ប្រពៃណីខ្មែរ ពីសំណាក់បងប្អូនខ្មែរនៅកូរ៉េផងដែរ។ លោកថា បើប្រៀបធំបណ្តាប្រទេសដទៃ ការសម្តែងក៏ដូចជាការបង្ហាញក្បួនរបស់កម្ពុជា ទទួលបានការចាប់អារម្មណ៍ច្រើន រហូតជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមប្រទេសទាំង១៣ គឺទទួលពានប្រជាប្រិយភាព (Best Popularity Award) និងពានសាមគ្គីភាពល្អ (Best Solidarity Award) ពីមហោស្រពវប្បធម៌ចំរុះ ឆ្នាំ២០១៩។

គួរជម្រាបថា មហោស្រពវប្បធម៌ចំរុះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយមានបណ្តាប្រទេសធំជាច្រើនចូលរួម។ កម្មវិធីនេះ គឺមានគោលបំណងឲ្យមានការស្គាល់ពីសិល្បៈវប្បធម៌គ្នាទៅវិញទៅមក រវាងប្រទេសដែលចូលរួមតាមរយៈការបង្ហាញទស្សនីយភាពប្លែកៗ ការបង្ហាញក្បួនវប្បធម៌ជាតិ និងចម្រៀង និងសម្តែងរាំជាដើម៕