(ភ្នំពេញ)៖ ជីវិតស្នេហារបស់តារាកំប្លែង តូចល្អិត នាយ ក្រិន ត្រូវបានមហាជន រំពឹងថា នឹងមានសុភមង្គល បន្ទាប់ពីរូបលោក បានរៀបការជាថ្មីជាមួយប្រពន្ធទីពីរ ក្រោយពីលែងលះពីប្រពន្ធដើម។ ដោយឡែកស្រាប់តែថ្មីៗនេះ មានព័ត៌មានថា ស្នេហារបស់តារាកំប្លែងរូបនេះ កំពុងដើរតាមគន្លងចាស់ ខណៈភរិយាទីពីររបស់ខ្លួន បានលួចក្បត់រូបលោក ទៅមានសាហាយថ្មី ដោយត្រឹមតែបានបន្សល់ទុកកូន៣នាក់ ប្រុសម្នាក់ នឹងស្រី២នាក់។

ជាការពិត ថ្មីៗនេះ តារាកំប្លែង នាយ ក្រិន បានបង្ហោះសារ អមជាមួយនឹងរូបភាពកូនៗលើគណនីហ្វេសប៊ុកដែលហាក់បង្ហាញពីទុក្ខសោកបង្ហាញពីជីវិតក្រុមគ្រួសាររបស់ខ្លួន​ ដែលកំពុងតែជួបរឿងប្រះឆា ដោយលោកបានរៀបរាប់ថា «ខ្ញុំយំព្រោះខឹង ម្ដាយខ្លួនជាមនុស្ស អារម្មណ៍ជាសត្វ» និងមួយឃ្លាទៀតថា «ស៊ូ​នៅ​ជា​មួយ​ប៉ា ស្រវ៉ា អោប​បង ម៉ាក់​ផិត​ប៉ា​ម្ដង​ហើយ​ម្ដង​ទៀត កូន​ជូនពរ​ម៉ាក់​សុខ​ផ្លូវ​កាយ»

យ៉ាងណាមិញ តាមរយៈសារខ្លីតែមានន័យឈឺចាប់ខ្លាំងខាងលើនេះ បានធ្វើឲ្យទស្សនិកជនជាច្រើន បានសម្ដែងនូវក្ដីឈឺចាប់ ក៏ដូចជាសម្ដែងក្ដីអាណិតអាសូរដល់តារាកំប្លែងរូបនេះជាខ្លាំង នឹងខ្លះបានលើកឡើងថា ហេតុអ្វីជីវិតលោក ជួបតែរឿងឈឺចាប់ត្រូវភរិយា ដែលឱបជាប់នឹងទ្រូងរាល់ថ្ងៃ ក្បត់ទៅលួចមានប្រុសថ្មី មិនអាសូរទ្រូងប្ដី និងកូនតូចៗ ដែលត្រូវការ ការថ្នាក់ថ្នមមើលថែ និងភាពកក់ក្ដៅពីអាណាព្យាបាល ជាពិសេសគឺម្ដាយតែម្ដង។ ក្នុងនោះក៏មាននូវពាក្យពេចន៍លើកទឹកចិត្តជាច្រើន ដល់នាយក្រិនផងដែរ។

គួរបញ្ជាក់ថា នាយ ក្រិន គឺបានរៀបការ មានភរិយាពីរនាក់ហើយ ដោយប្រពន្ធដើមមានកូនប្រុសម្នាក់ បច្ចុប្បន្នកំពុងរស់នៅជាមួយអតីតប្រពន្ធដើម នៅឯខេត្តព្រះសីហនុ។ ក្រោយមកលោក ក៏បានរៀបការមានប្រពន្ធទីពីរ ក្នុងកំឡុងឆ្នាំ២០១៣ គិតមកទល់ពេលនេះ គឺមានរយៈពេលជាង៦ឆ្នាំហើយ ដោយទទួលបានកូន៣នាក់ ប្រុសម្នាក់ និងស្រីពីរនាក់ សរុបមកកូនរបស់នាយក្រិន គឺមានចំនួន៤នាក់៕