(ភ្នំពេញ)៖ ក្រោយវាយបកតាមស្មើយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម ១៨ឆ្នាំ នៅលីគកំពូលកម្ពុជាកាលថ្ងៃអាទិត្យ ទី២៧ ខែតុលា កន្លងទៅ លោក ប្រាក់ សុវណ្ណារ៉ា អ្នកចាត់ការទូទៅក្រុមនគរបាលជាតិ បានមើលឃើញចំណុចរីកចម្រើនចំនួន៣ ពាក់ព័ន្ធទៅនឹងកម្លាំង, សមត្ថភាព និងតំបន់ប្រយុទ្ធរបស់យុវជនបាទី។

អ្វីដែលសំខាន់ផងនោះ លោក សុវណ្ណារ៉ា ក៏បានឃើញចំណុចខ្វះខាតពាក់ព័ន្ធនឹងតំបន់ការពារផងដែរ ព្រោះកីឡាករបាទីសុទ្ធតែក្មេងៗ ហើយត្រូវប៉ះគូប្រជែងនៅតំបន់ប្រយុទ្ធដែលភាគច្រើនជាបរទេស។ យ៉ាងណា លោកសរសើរមិនដាច់ពីមាត់ពីការរៀបចំយ៉ាងល្អរបស់បាទី។

គួរដឹងហើយថា អតីតគ្រូបង្គោលជម្រើសជាតិកម្ពុជាពន្យល់លម្អិតពីដើមចមដែលបាទីធ្វើឲ្យក្រុមលោករបូតអស់ ២ពិន្ទុបែបនេះគឺទី១-អាចពាក់ព័ន្ធនឹងស្ថានភាពហ្វឹកហាត់ ព្រោះពួកគេកំពុងតែហាត់ខ្លាំងដើម្បីត្រៀមប្រកួត U19 ហើយគេហ្វឹកហាត់ត្រឹមត្រូវ និងពេញលេញជាងនគរបាលជាតិ អ៊ីចឹងពួកគេមានកម្លាំងល្អជាង។ ទី២-គឺសមត្ថភាពពួកគេក៏កើនឡើង។ ជាក់ស្ដែង អ៊ាន ពិសី និងសៀង ចន្ធា សុទ្ធតែបានបង្ហាញភាពលេចធ្លោ ទាំងល្បឿន, បច្ចេកទេស, ការយល់ និងការលេង។ និយាយទៅប្រយុទ្ធរបស់បាទី គឺខ្លាំង។

សូមបញ្ជាក់ថា ឆ្លងកាត់ការប្រកួត ២៦លើកកន្លងទៅ យុវជនបាទីស្ថិតនៅចំណាត់ថ្នាក់លេខ១៤ មាន ៤ពិន្ទុពីជ័យជម្នះ ១ដង និងស្មើ១ដង៕