(ក្រុងតូរីន)៖ អតីតកីឡាករខ្សែប្រយុទ្ធ Manchester United, Romelu Lukaku បន្តរកបានគ្រាប់បាល់ទី៧ ក្នុងក្លឹបថ្មី Inter Milan ដើម្បីជួយក្រុមយក្សអ៊ីតាលីមួយនេះឡើងទៅឈរនៅកំពូលតារាងនៃ Serie A ក្រោយយកឈ្នះម្ចាស់ផ្ទះ Brescia ២-១ នាយប់មិញនេះ។

១គ្រាប់របស់កីឡាករក្នុងក្រុមជម្រើសជាតិប៊ែលហ្សិកខាងលើនេះ កើតឡើងនៅនាទីទី៦៣ ដែលជាគ្រាប់នាំមុខ ២-០ ទៅលើ Brescia បន្ទាប់ពី Martinez រកបានគ្រាប់បើកឆាកនៅនាទី២៣ និងមិត្តរួមក្រុមដែលជាខ្សែការពារ Skriniar បានធ្វេសប្រហែសចូលទីខ្លួនឯងនៅនាទី៧៦។

រាប់ទាំង ១គ្រាប់យប់មិញនេះ បានធ្វើឲ្យ Lukaku រកបាន ៧គ្រាប់ហើយពីការចូលលេងបាន ១០ប្រកួតនៅ Serie A ក្រោយផ្ទេរចេញពីទឹកដី Old Trafford នារដូវក្តៅនេះក្នុងតម្លៃខ្លួន ៧៤លានផោន ស្ថិតក្រោមការបង្វឹករបស់លោក Antonio Conte ដែលកំពុងនាំមុខកំពូលតារាងផងដែរ ដោយមាន ២៥ពិន្ទុ គ្រាដែលក្រុមការពារតំណែងជើងឯក Juventus ឈរនៅលេខ២ មាន២៣ពិន្ទុ នៅសល់ ១ប្រកួតក្នុងដៃត្រូវប៉ះ Genoa យប់នេះ៕