(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត សុខ ចិត្ត ដែលត្រូវបានគេស្គាល់ថា ជាអ្នក​ដឹកនាំអ្នកសិល្បៈស្ម័គ្រចិត្តប្រុសស្រីល្បីៗ ឲ្យចូលរួមបរិច្ចាគឈាមជួយដល់សង្គម ជារៀងរាល់ឆ្នាំនោះ កាលពីពេលថ្មីៗនេះ លោកពិតជាបានទទួលបាននូវមោទនភាពមួយ សម្រាប់ជីវិតរបស់ខ្លួន ដោយទទួលបាននូវ មេដាយសហគ្រិនឆ្នើម CEO Award​ ពីសំណាក់លោក ហ៊ុន ម៉ាណែត ដែលរៀបចំឡើង ដោយលោក អោម សេងបូរ៉ា ជាស្ថាបនិក CEO Master Club។

លោក​ វេជ្ជបណ្ឌិត សុខ ចិត្ត បានថ្លែងពីចំណាប់អារម្មណ៍រំភើបថា​ «នេះជាមហាកិត្តិយស និងសេចក្តីរំភើបរីករាយក្រៃលែង ដែលរូបខ្ញុំបានទទួល «មេដាយសហគ្រិនឆ្នើម CEO Award» ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលរៀបចំដោយលោក អោម សេងបូរ៉ាស្ថាបនិក CEO Master ​Club ក្នុងគោលបំណងជួយបង្កើតការងារ ដល់សង្គមនិងបង្កើនប្រាក់ចំណូល ជូនប្រជាពលរដ្ឋ។ សូមគោរពជូនពរឯកឧត្តម និងក្រុមគ្រួសារទទួលបាននូវសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច»

លោកបានបន្តថា «​នេះជាកម្លាំងចិត្តមួយ​ដ៏ធំធេង សម្រាប់ការពង្រីកវិសាលភាព​សហគ្រិនកម្ពុជា ដើម្បីលើកស្ទួយ​សេដ្ឋកិច្ចក្នុងស្រុក ឱ្យរីកចម្រើន ហើយក៏ជាការរួមចំណែក​ក្នុងការធ្វើសេចក្តីល្អ ជួយដល់ខ្លួនឯងក្រុមគ្រួសារ និងសង្គមជាតិ​ទាំងមូលឲ្យរីកចម្រើន។​ រាល់ការខិតខំប្រឹងប្រែងទាំងអស់ គឺដើម្បីសេចក្តីសុខ កិត្តិយស និងការរីកចម្រើនផ្នែកទ្រព្យសម្បត្តិ រួមចំណែកបង្កើតការងារ ជូនសង្គមជាតិ»។ ​

គួរបញ្ជាក់ថា លោកវេជ្ជបណ្ឌិត សុខ ចិត្ត ​បានចូលជាសមាជិក CEO Master Club នៅឆ្នាំ ២០១៨ លេខរៀង ៥៥៦ ហើយនេះជាលើកទី២​ សម្រាប់រូបលោកក្នុងការទទួលបាន​មេដាយពី CEO Master Club​ ខណៈលើកទី១លោកទទួលបានពានរង្វាន់ «Master CEO Award​» និងលើកទី២ ទទួលបានមេដាយជាសហគ្រិនឆ្នើម​ «CEO Award​»។ ការទទួលបាននូវ មេដាយសហគ្រិនឆ្នើម នេះក៏បានលើទឹកចិត្តឲ្យ​រូបលោក ក្នុងការធ្វើជំនួញ ដើម្បីផ្ដល់មុខមាត់ដល់គ្រួសារ និងសង្គមជាតិ កាត់បន្ថយភាពក្រីក្រផ្ដល់ឱកាស ការងារជូនប្រជាជនកម្ពុជាបានច្រើន និងដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្លាយជាប្រទេសមានបានឆាប់រហ័ស។

សូមជម្រាបថា​ CEO Master Club បានផ្ដល់ជូនសមាជិកសហគ្រិនឆ្នើមរបស់ខ្លួន ​នូវពានរង្វាន់ជាច្រើនផ្នែក រួមមានដូចជាទី១៖ ពានរង្វាន់ Master CEO Award គឺជាជ័យលាភី​សម្រាប់ទទួលស្គាល់ នឹងលើកទឹកចិត្តសហគ្រិន ដែលបានតស៊ូខិតខំប្រឹងប្រែង កសាងសមត្ថភាពរបស់ខ្លួនឲ្យក្លាយជាអ្នកដឹក នាំធុរកិច្ចកំពូលជាមួយ CEO Master Club ចាប់ពី៨កម្មវិធីឡើងទៅ ដើម្បីឱ្យមានសមត្ថភាព ក្នុងការដឹកនាំគ្រប់គ្រងអាជីវកម្មរបស់ខ្លួន ពីតូចទៅធំ ពីលក្ខណៈគ្រួសារទៅស្តង់ដារ និងចូលរួមចំណែក អភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងស្រុកឲ្យកាន់តែទទួលបានភាពរឹងមាំ៕