(ក្រុងឡុងដ៍)៖ កីឡាករ Southampton បានឯកភាពគ្នាបរិច្ចាគប្រាក់ពលកម្មទាំងអស់ដល់មូលនិធិ ក្នុងប្រកួតដែលពួកគេបានបរាជ័យក្រោមថ្វីជើងរបស់ក្រុមភ្ញៀវកញ្ជ្រោងខៀវ Leicester City រហូតដល់ទៅ ៩ ទល់នឹង ០ នៃប្រកួតប្រចាំសប្តាហ៍ទី១០ ជើងទី១ នៅ Premier League កាលសប្តាហ៍មុន។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្លឹប Southampton ដែលត្រូវបានដកស្រង់ដោយ BBC បានឲ្យដឹងថា «សមាជិកក្នុងក្រុមទាំងអស់បានសម្រេចចិត្តបរិច្ចាគប្រាក់ពល ១ថ្ងៃដល់មូលនិធិក្លឹប (Saints Foundation) ដែលផ្សាភ្ជាប់ទៅនឹងសប្បុរសធម៌ និងដើម្បីចងចាំពីការបរាជ័យច្រើនគ្រាប់ជាប្រវត្តិសាស្រ្តរបស់ក្លឹបផងដែរ»

ការបរាជ័យរហូតដល់ទៅ ៩-០ ក្នុងទឹកដី បានធ្វើឲ្យក្រុមរបស់លោក Hasenhuttl ធ្លាក់ដល់លេខរៀងទី១៨ ដោយទើបរកបានជ័យជម្នះតែ ២ប្រកួតគត់ក្នុង Premier League រដូវកាលនេះ គ្រាដែលអ្នកចាត់ការទូទៅខាងលើក៏បានធ្វើការសុំទោស និងហៅការប្រកួតនេះថា «ជាមហន្តរាយដ៏ធំបំផុតផងដែរ»