(ញូវយ៉ក)៖ លោក Vlatko Andonovski ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីក្នុងការដឹកនាំក្រុមបាល់ទាត់ស្រ្តីអាមេរិក ដើម្បីជំនួសតំណែងលោកស្រី Jill Ellis ដែលបានលាឈប់ បន្ទាប់ពីជួយក្រុមខ្លាំងមួយនេះឈ្នះជើងឯក FIFA World Cup ២សម័យកាលជាប់គ្នា។

បុរសសញ្ជាតិអាមេរិក ដែលបានកើតនៅម៉ាសេដូនី វ័យ ៤៣ឆ្នាំ បានលាឈប់ភ្លាមៗពីការដឹកនាំក្លឹបអាជីព Reign FC ជាទីដែលកីឡាការិនីជើងខ្លាំង Megan Rapinoe ក្នុងលីគកំពូលរបស់អាមេរិក Major League Soccer។

Andonovski ត្រូវបានបោះឆ្នោតជាគ្រូបង្វឹកល្អប្រចាំឆ្នាំនៅអាមេរិក ២ដងដែរនៅអំឡុងឆ្នាំ២០១៣ នៅពេលដឹកនាំក្លឹប FC Kansas City មុនពេលមកដឹកនាំ Reign លេងក្នុងវគ្គជម្រុះក្នុងរដូវកាលឆ្នាំ២០១៩ នេះ។

ការងារចំពោះមុខដំបូងរបស់គ្រូបង្វឹកថ្មី Andonovski ត្រូវដឹកនាំក្រុមស្រ្តីអាមេរិក ប្រកួតទល់នឹងស៊ុយអែត ក្នុងមិត្តភាពអន្តរជាតិនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ មុនបន្តជួបកូស្តារីកា នៅថ្ងៃទី១០ ខែវិច្ឆិកា មុនបន្តលេងវគ្គជម្រុះ Tokyo Olympic Games 2020 នាចុងខែមករា៕