(ភ្នំពេញ)៖ ពិធីការិនីល្បីល្បាញ កញ្ញា ឌួង ហ្សូរីដា និងប្អូនស្រី កញ្ញា ឌួង ហ្សូរីម៉ា ត្រូវគេឃើញទទួលបានកិត្តិយស នៅក្នុងប្រទេសថៃ បន្ទាប់ពីតារាទាំងពីរដួង បានទទួលពានឆ្នើម ក្នុងនាមជាម្ចាស់ផលិតផល ដែលមានការទទួលស្គាល់ និងមានប្រជាប្រិយភាព កាលពីល្ងាចថ្ងៃទី២៧ តុលា ឆ្នាំ២០១៧ នេះ។

​ហ្វេសប៊ុកផ្លូវការ កញ្ញា ឌួង ហ្សូរីដា និង​កញ្ញា ឌួង ហ្សូរីម៉ា បានបង្ហោះឲ្យដឹងថា អ្នកទាំងពីរទទួលបានកិត្តិយស នៅក្នុងពិធីប្រគល់ពានឆ្នើម ជូនដល់ស្រ្តីៗជាអ្នកជំនួញ ម្ចាស់ផលិតផលពីបណ្ដាប្រទេសជាច្រើន។ ពិធីនោះ កញ្ញា ឌួង ហ្សូរីដា ទទួលបានពានជាស្ត្រីឆ្នើម ក្នុងនាមជាម្ចាស់ផលិតផល «MUDHITA GS-2113» ខណៈដែល កញ្ញា ឌួង ហ្សូរីម៉ា ទទួលបានពានឆ្នើម ជាម្ចាស់ប្រេន N27។

កញ្ញា ឌួង ហ្សូរីដា បានថ្លែងថា គឺជាមោទនភាពយ៉ាងខ្លាំង ដែល ផលិតផលដែលក្រុមហ៊ុន MUDHITA Trading Co.LTD របស់ នាងមានផលិតផលនាំចូលផ្ដាច់មុខដល់ទៅ២ ជាប់ជាផលិតផលស្ដង់ដា នៅក្នុងវេទិកា ​Standardization Products 2019 ប្រចាំប្រទេសថៃ។

កញ្ញា ឌួង ហ្សូរីដា បង្ហោះថា «នេះជាពិធីប្រគល់ពានរង្វាន់កិត្តិសយ ដល់បុគ្គលឆ្នើមជាថ្នាក់ដឹកនាំល្អភារកិច្ចគ្រប់មុខជំនួញជោគជ័យ និងពានកិត្តិយសផលិតផល មានគុណភាពល្អល្បីឈ្មោះបំផុត សំរាប់ ឆ្នាំ២០១៩ និងជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត​ដែលបានប្រគល់ ដោយ​លោកឧត្តមសេនីយ ជិកសាក់ ចេរិន សម្បត្តិ»

យោងតាមខ្លឹមសារ ពានរង្វាន់ដែលកម្មវិធីប្រគល់ឲ្យ គឺលុះត្រាតែផលិតផលនោះ ត្រូវបានចុះបញ្ជីទទួលស្គាល់ ដោយក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល និងមានវេជ្ជបណ្ឌិតដែលមានឯកទេសច្បាស់លាស់ឈរឈ្មោះ។ ផលិតផលក៏ត្រូវតែជាម៉ាកល្បី និងមានទីផ្សារក្នុងជំនួញផលិតផលថែរក្សាសម្រស់ និងសុខភាព​។ដូច្នេះហើយ ទើបមានការសរសើរថា កញ្ញា ពិតជាជោគជ័យ ចាប់តាំងពីបើកជំនួញផលិតផលអនឡាញ៕