(ភ្នំពេញ)៖ បន្ទាប់ពីបានឆ្លងផុតមួយវគ្គ ទៅមួយវគ្គយ៉ាងស្វិតស្វាញ និងឈានដល់វគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធីប្រឡងចម្រៀង ក្នុងមហោស្រពសិល្បៈចម្រៀងខ្មែរជាសាកល លើកទី៥ មានបេក្ខនារី មកពីប្រទេសបាំរាំងចំនួន២រូប ទទួលបាននូវជ័យលាភីគួរឲ្យកោតសរសើរ។ ក្នុងនោះ អ្នកនាង ឈុន ធីតា ទទួលបានជ័យលាភីលេខ១ផ្នែកចម្រៀងបុរាណ និងអ្នកនាង ភឿន សុគន្ធារី ទទួលបានជ័យលាភីលេខ៣ ផ្នែកចម្រៀងសម័យ។

ពិតណាស់ ទំរាំឈានមកដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅរាជធានីភ្នំពេញ សមាគម ACK បានរៀបចំ កម្មវិធីប្រឡងចម្រៀងជាសកល ឆ្នាំ២០១៩ នៅប្រទេសបារាំង និងជាលិទ្ធផលគឺ មានបេក្ខជនពីប្រទេសបារាំងចំនួន ៤រូប ដែលមកចូលរួមប្រគួតនៅវគ្គពាក់កណ្តាល និងវគ្គផ្តាច់ព្រ័ត្រ ក្នុងរាជធានីភ្នំពេញ ជាមួយបេក្ខជនមកពីបណ្តាខេត្ត-ក្រុង នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបងប្អូនខែ្មរដែលមកពីប្រទេសជប៉ុន អាមេរិក កាណាដា អូស្រា្តលី និងបារាំង។

ជាលិទ្ធផល មានបេក្ខនារីពីររូប មកពីប្រទេសបារាំង បានទទួលជ័យលាភីគួរឲ្យកោតសរសើរ ព្រោះតែមានទឹកដមសំនៀងយ៉ាងពិរោះរណ្តំចិត្ត និងច្រៀងបានយ៉ាងល្អ ទោះបីបានឃ្លាតឆ្ងាយពីប្រទេសកំណើតជាយូរមកហើយក្តី។

ជាក់ស្តែង លេខ១ ផែ្នកបុរាណបានទៅលេី អ្នកនាង ឈុន ធីតា។ អ្នកនាង ឈុន ធីតា ត្រូវបានគេដឹងថា ជាជនជាតិគួយ ដែលមានដើមកំណើតនៅខេត្ត ព្រះវិហារ។ ម្ចាស់ជ័យលាភីលេខ១ ផ្នែកចម្រៀងបុរាណរូបនេះ មានការខិតខំប្រឹងប្រែងយ៉ាងខ្លាំង លើវិស័យសិល្បៈ និងបានព្យាយាមហាត់ពត់សមត្ថភាពរបស់ខ្លួន រហូតទល់តែជោគជ័យក្នុងការប្រកួត។ ចំណែកឯ អ្នកនាង ភឿន សុគន្ធារី ទទួលបានជ័យលាភីលេខ៣ផែ្នកសម័យ។ អ្នកទាំងពីរសុទ្ធសឹងតែមកពីប្រទេសបាំរាំង ហើយសមទ្ធផលនេះ គឺជាជោគជ័យដ៏ធំធេង ទោះបីជារស់នៅឆា្ងយពីស្រុកកំណេីត តែពួកគាត់ គឺជាធនធានរបស់យុវជនខែ្មរ ដែលស្រឡាញ់ និងអភិរក្សនូវសិល្បៈខ្មែរ។

គួរជម្រាបថា សមាគមសិល្បៈវប្បធម៌ខ្មែរ Art Culture Khmer (ACK) មានមូលដ្ឋាននៅប្រទេសបារាំងបង្កើតឡើងឆ្នាំ ២០១៦ មានគោលបំណងបណ្តុះបណ្តាលឲ្យយុវជនជំនាន់ក្រោយ សា្គល់អំពីអត្តសញាណជាតិរបស់ខ្លួន និងថែរក្សាកុំឲ្យបាត់បង់ នូវសិល្បះវប្បធម៌ខែ្មរ តាមរយៈការផ្សារភា្ជប់ កិច្ចសហការទំនាក់ទំនងផែ្នកខាងសិល្បៈក្នុងស្រុក ក៏ដូចជានៅខាងក្រៅស្រុក។ សមាគមក៏បានចូលរួមចំណែក ក្នុងការផ្សព្វផ្សាយសិល្បៈវប្បៈធម៌ខែ្មរ នៅលេីឆាកអន្តរជាតិឲ្យគេបានសា្គល់កាន់តែច្បាស់អំពីរវប្បៈធម៍និងអរិយៈធម៌របស់កម្ពុជាផងដែរ៕

អ្នកនាង ឈុន ធីតា                         អ្នកនាង ភឿន សុគន្ធារី