(ភ្នំពេញ)៖ ក្រុមម្ចាស់ផ្ទះបឹងកេត បានធ្វើការសងសឹកក្រុមភ្ញៀវសូលទីឡួអង្គរបានសម្រេចវិញក្នុងលទ្ធផល ៣-១ នៃសប្តាហ៍ទី២៥ នៅកីឡដ្ឋាន ខេមបូឌា អៃរវ៉េ ក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០១៩ ក្រោយចាញ់ ៥-៤ កាលពីជើងទី១។

ការប្រកួតតរបស់ក្រុមទាំងពីរ ចូលដល់តង់ទី១ ក្រុមបឹងកេតបាននាំមុខមុន ២គ្រាប់ និងគ្រាប់ទី១ បានស៊ុតបញ្ចូលទីដោយកីឡាករ Julius ពាក់លេខ២៧ នៅនាទីទី៣៣ គ្រាប់ទី២ ទាត់ចូលដោយកីឡាករ លី មីហ្សាន ពាក់លេខ១៧ នៅនាទីទី៤១ និងចូលដល់តង់ទី២ បឹងកេតបានបន្ថែម ១គ្រាប់ទៀត និងបានស៊ុតបញ្ចូលទីដោយកីឡាករ Luiz Eduardo ពាក់លេខ៧ នៅនាទីទី៥៩ បន្ទាប់ពីសូលទីឡូអង្គរបានវាយបក ១គ្រាប់វិញដោយកីឡាករ Yuta ពាក់លេខ១៣ នៅនាទីទី៦៨។

គួរដឹងផងដែរថា បឹងកេតសប្តាហ៍ទី២៤ ក៏ធ្លាប់បានយកឈ្នះក្រុមនគរបាលជាតិ ក្នុងលទ្ធផល ៣-២ កាលពីថ្ងៃអាទិត្យ ទី២០ ខែតុលាកន្លងទៅនៅទឹកដីនៃកីឡដ្ឋាន ខេមបូឌា អៃរវ៉េ។ បឹងកេត ឆ្លងកាត់ ២៥ប្រកួតមកនេះ ឈ្នះ១៤ដង ស្មើ៧ដង និងចាញ់ ៤ដង ឈរនៅចំណាត់ថ្នាក់លេខ៤ និងមាន ៤៩ពិន្ទុ។

ចំណែកឯសូលទីឡូអង្គរវិញ សប្តាហ៍ទី២៤ ក៏ធ្លាប់បានយកឈ្នះខេត្តកំពង់ចាម ក្នុងលទ្ធផល ៤-១ នៅទឹកដីនៃកីឡដ្ឋានខេត្កសៀមរាប។ សូលទីឡូអង្គរ ឆ្លងកាត់ ២៥ប្រកួតដូចគ្នា ឈ្នះ ១០ដង ស្មើ ៥ដង និងចាញ់ ១០ដង ឈរនៅចំណាត់ថ្នាក់លេខ៨ និងមាន ៣៨ពិន្ទុ៕