(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបង្ហាញបញ្ជីឈ្មោះកីឡាករ ២៣នាក់ចុងក្រោយនៃក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជាផ្លូវការហើយ ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតជម្រុះពានរង្វាន់ AFC U-19 Championship 20220 ពូល G នាចុងសប្ដាហ៍នេះ។

ជាមួយការប្រកាសបញ្ជីឈ្មោះផ្លូវការនេះដែរ គេឃើញមានកីឡាករមួយចំនួនត្រូវបានផ្លាស់ប្ដូរ ជាក់ស្ដែងកីឡាករ ២រូប គឺកីឡាករ គី រីណា និង ស រតនា មកពីក្លឹបវិសាខា ត្រូវជម្រុះចេញ ហើយមានកីឡាករថ្មីម្នាក់ត្រូវបានកោះហៅមកបង្គ្រប់ គឺកីឡាករ សៅ រ៉ៃហ្វី មកពីសាលាបាល់ទាត់ជាតិបាទី។

សរុបកីឡាករស្ថិតក្នុងបញ្ជី ២៣នាក់ចុងក្រោយដែលដឹកនាំដោយលោក Gyotoku Koji គឺមានកីឡាករសាលាបាល់ទាត់ជាតិបាទី ១១នាក់, វិសាខា ៤នាក់, បឹងកេត និងណាហ្គាវើល ២នាក់ដូចគ្នា ខណៈសមាជិកមកពីក្លឹបព្រះខ័នរាជស្វាយរៀង នគរបាលជាតិ អគ្គិសនីកម្ពុជា និងភ្នំពេញក្រោន គឺមានម្នាក់ៗដូចគ្នា។

គួរបញ្ជាក់ថា ចំពោះភារកិច្ចធ្វើម្ចាស់ផ្ទះពានរង្វាន់យុវជនប្រចាំទ្វីបអាស៊ីនេះ ក្រុម U-19 កម្ពុជា ត្រូវត្រៀមស្វាគមន៍ក្រុមភ្ញៀវ ៤ប្រទេស ដើម្បីប្រជែងកៅអីជុំផ្ដាច់ព្រ័ត្រនាឆ្នាំ២០២០ រួមមានក្រុម U-19 ថៃ ម៉ាឡេស៊ី ប្រ៊ុយណេ និងក្រុមកោះម៉ារីណាខាងជើង។ ការប្រកួតចាប់ផ្ដើមពីថ្ងៃទី០២-១០ ខែវិច្ឆិកាខាងមុខ នៅពហុកីឡដ្ឋានជាតិ៕