(ភ្នំពេញ)៖ តារាប្រុសល្បីឈ្មោះរបស់កម្ពុជាចំនួន៤រូប គឺលោក សាន ផានិត, លោក លី យ៊ាំង, លោក ណាំ ប៊ុណ្ណារ័ត្ន និងលោក វី ជីវ័ន្ត បានធ្វើដំណើរទៅប្រទេសកូរ៉េខាងត្បូង ដើម្បីចូលរួមក្នុងកម្មវិធី «មហោស្រព វប្បធម៌ចំរុះ» ឆ្នាំ២០១៩ រហូតមកទល់នឹងពេលនេះ កម្មវិធីត្រូវបានបញ្ចប់ដោយរលូន និងមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់បងប្អូនខ្មែរនៅទីនោះ។ អ្វីដែលពិសេស តារាប្រុសទាំង៤រូប បានឆ្លៀតពេលផ្តិតរូបភាពជាច្រើនសន្លឹក ជាមួយនឹងទេសភាពយ៉ាងស្រស់ស្អាត លើទឹកដីប្រទេសកូរ៉េ ដើម្បីចែករំលែកដល់បងប្អូនក្នុងប្រទេសបានស្គាល់។

ក្នុងរូបភាពជាច្រើនសន្លឹក ដែលបានបង្ហោះក្នុងបណ្តាញសង្គម កំពុងធ្វើឲ្យហ្វេនៗចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះបានបង្ហាញពីសកម្មភាពរបស់តារាប្រុសខ្មែរ៤រូប ជាមួយនឹងទេសភាពដ៏ទាក់ទាញលើទឹកដីប្រទេសកូរ៉េ។ អ្វីដែលពិសេស ការចេញទៅកូរ៉េលើកនេះ មិនត្រឹមតែចេញទៅសម្តែងលើឆាកនៃ «មហោស្រពវប្បធម៌ចំរុះ» ចែកជូនបងប្អូននៅទីនោះបានស្គាល់ពីសិល្បៈ វប្បធម៌របស់កម្ពុជានោះទេ ថែមទាំងបានឆ្លៀតឱកាសថត MV ចម្រៀង «រដូវស្លឹកឈើជ្រុះ» ទៀតផង។

យោងតាមគណនីរបស់លោក សា ផានិត បានបង្ហាញសកម្មភាពជាច្រើន កំពុងថត MV បទចម្រៀង «រដូវស្លឹកឈើជ្រុះ» ខណៈបណ្តាអ្នកគាំទ្រកំពុងរងចាំយ៉ាងអន្ទះសារ ក្នុងការទស្សនា MV ចម្រៀងមួយនេះ ព្រោះបានទៅថតដល់ប្រទេសកូរ៉េ ត្រូវនឹងសាច់រឿង និងអត្ថន័យនៃចម្រៀងតែម្តង៕