(កំពត)៖ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់លើកទី៦ បានប្រព្រឹត្ដ​ទៅ​​នៅលើភ្នំបូកគោនៃខេត្តកំពត ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ ២០១៩​​ បានបញ្ចប់ដោយជោគជ័យ។

ការរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង និងប្រណាំងកង់ប្រចាំឆ្នាំនៅលើភ្នំបូកគោនេះ គឺរៀបចំដោយសណ្ឋាគារឋានសួគ៌សុខាបូកគោ។

វា​មិន​ត្រឹមតែ​ជាការ​ចូលរួម ​ដើម្បី​ភាពសប្បាយ​​រីករាយ និង​សុខមាលភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែវា​ក៏ជាការ​​ចូលរួម ​ដើម្បី​គាំទ្រដល់ការងារសប្បុរសធម៌ផងដែរ ពីព្រោះ​ចំណូល​ដែល​ទទួលបាន​ពី​ព្រឹត្តិការណ៍​​នេះ នឹង​ឧបត្ថម្ភ​​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។ ​

ព្រឹត្តិការណ៍សប្បុរសធម៌នេះ គឺបើកចំហសម្រាប់ទាំងជនបរទេស និងប្រជាជនកម្ពុជា ដោយមិន​​កំណត់ពីអាយុចំពោះការត់ប្រណាំងបែបកម្សាន្ត (Fun Run) ហើយចំពោះអ្នកចូលរួមប្រណាំង​​​កង់ គឺតម្រូវឲ្យមានអាយុចាប់ពី៩ឆ្នាំឡើងទៅ។

ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់លើកទី៦នេះ​​​ ផ្តល់ឱកាស​​​​ដ៏មានអត្ថន័យបំផុតសម្រាប់​អ្នកចូលរួមទាំងអស់ ពីព្រោះពួកគេបានរួមចំណែកគាំទ្រ ដល់​មន្ទីរពេទ្យគន្ធបុប្ផា ហើយទន្ទឹមនឹងនេះដែរអ្នកចូលរួមក៏នឹងទទួលបាននូវបទពិសេសដ៏រីករាយ និងអនុស្សាវរីយ៍ ដែលមិនអាចបំភ្លេចបានជាមួយក្រុមគ្រួសារ និងមិត្តភក្តិ។

ចំពោះកម្មវិធីប្រណាំងកង់ គឺប្រព្រិត្តិនៅថ្ងៃសៅរ៍ទី២៦ខែតុលា មានចម្ងាយផ្លូវ៤ប្រភេទខុស​ៗ​គ្នា ក្នុងនោះមានចម្ងាយផ្លូវ ១០គ.ម ១៧គ.ម ៣៤គ.ម និង ៥១គ.ម។ វិញ្ញាសា១០គ.ម អ្នកចូល​រួមត្រូវបានអាយុចន្លោពី៩-១៣ឆ្នាំ តម្លៃចុះឈ្មោះចាប់ពី៧-១២ ដុល្លារ។ វិញ្ញាសាចម្ងាយផ្លូវ១៧ គ.ម និង ៣៤ គ.ម អ្នកចូលរួមអាយុត្រូវមានអាយុចាប់ពី១៤ឆ្នាំឡើង ថ្លៃចុះឈ្មោះចាប់ពី១២-២៧ដុល្លារ។ វិញ្ញាសា ៥១ គ.ម អ្នកចូលរួមត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ថ្លៃចុះឈ្មោះសម្រាប់ជនបរទេសតម្លៃ៣២ដុល្លារ និងជនជាតិខ្មែរ តម្លៃ២២ដុល្លារ។

ចំពោះការរត់ប្រណាំងធ្វើឡើងនៅថ្ងៃអាទិត្យទី២៧ ខែតុលា ដោយរត់ពាក់កណ្ដាលម៉ារ៉ាតុង មានចម្ងាយ២១ គ.ម ហើយវិញ្ញាសាផ្សេងទៀត មានចម្ងាយផ្លូវ១០គ.ម ៥គ.ម និង៣គ.ម។ វិញ្ញាសារត់ពាក់កណ្តាលម៉ារ៉ាតុង ចម្ងាយ២១គ.ម គីឡូម៉ែត្របេក្ខជនត្រូវមានអាយុចាប់ពី១៦ ឆ្នាំ​ឡើងទៅ ថ្លៃចុះឈ្មោះ៣២ដុល្លារសម្រាប់ជនបរទេស និង២២ដុល្លារសម្រាប់ខ្មែរ។

ចំពោះអ្នកចូលរួមរត់ប្រណាំងចម្ងាយ១០គម ត្រូវមានអាយុចាប់ពី១៣ឆ្នាំឡើងទៅ ហើយថ្លៃចុះឈ្មោះគឺ ២៧ដុល្លារសម្រាប់ជនបរទេស និង១៧ ដុល្លារសម្រាប់ខ្មែរ។ ចំណែកឯវិញ្ញាសាចម្ងាយ៥ និង ៣គម អ្នកចូលរួមគឺមិនគិតពីអាយុ ហើយថ្លៃចុះឈ្មោះគឺចាប់ពី ៧-១៧ ដុល្លារ។

ជ័យលាភីនៃការរត់ប្រណាំង និងប្រណាំងកង់ ទទួលបាននូវមេដាយ និងរង្វាន់ផ្សេងៗជាច្រើនទៀត។ ដោយឡែកអ្នកចូលរួមរត់ និងជិះកង់ទាំង​អស់ក៏ទទួលបានមេដាយអនុស្សាវរីយ៍ ព្រះមុនីវង្សបូកគោម៉ារ៉ាតុង ម្នាក់មួយផងដែរ។

ព្រឹត្តិការណ៍នេះមានគោលបំណងលើកកម្ពស់សុខភាព ផ្តល់ភាពសប្បាយរីករាយដល់អ្នកចូលរួម ហើយអ្វីដែលកាន់តែសំខាន់ទៀតនោះ គឺដើម្បីបុព្វហេតុសប្បុរសធម៌។ អ្នកចូលក៏មានជម្រើស ក្នុងការស្នាក់នៅតាមលទ្ធភាព ដូចជានៅសណ្ឋាគារឋានសួគ៌សុខាបូកគោ ស្នាក់នៅតាមរយៈការបោះតង់ ឬនៅ Bokor Inn ជាមួយតម្លៃសមរម្យ។ ចំណែកឯនៅពេលយប់ គឺមានការប្រគំតន្ត្រី ដើម្បីញុំងឱ្យព្រឹត្តិការណ៍នោះកាន់តែសប្បាយរីករាយទ្វេឡើង។

ពីមួយឆ្នាំទៅមួយឆ្នាំ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់នេះ គឺមានអ្នកចូលរួមកើនឡើងជាលំដាប់ ទាំងអ្នកចូលរួមរត់ និងចូលរួមអ្នកជិះកង់។

សណ្ឋាគារឋានសួគ៌សុខា ដែលស្ថិតនៅលើកំពូលភ្នំបូកគោ គឺមានអាកាសធាតុត្រជាក់ អមដោយ​ទេសភាពដ៏ស្រស់ត្រកាល ដែលមានចម្ងាយត្រឹម៤៥នាទី ពីក្រុងកំពត និង១៧០នាទីពីរាជធានីភ្នំពេញ។

ភ្នំបូកគោ គឺជាគោលដៅទេសចរណ៍ប្រវត្តិសាស្ត្រដ៏ល្បីល្បាញ នៅក្នុងប្រទេសកម្ពុជា ដោយសាតែវាមានទេសទេសភាពដ៏អស្ចារ្យ នៃផ្ទាំងថ្ម ប្រាសាទ វាលស្រែ ៥០០ ផ្កាបំពង់ក្រឡោម និងទឹកជ្រោះពពកវិលជាដើម។

ចំណែកឯឧទ្យានជាតិព្រះមុនីវង្ស ដែលត្រូវបានគេស្គាល់ថាជាឧទ្យានជាតិបូកគោនោះ គឺមានទីតាំងស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត។ វាមានកំពស់ ១០៧៥ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ៕