(ភ្នំពេញ)៖ គ្រាប់ពេជ្ររបស់ផលិតកម្មសាន់ដេ មានរូបសម្ផស្សស្រស់ផូរផង់ រាងតូចច្រឡឹង សាច់សរភ្លឺថ្លា ដែលបុរសៗប៉ងប្រាថ្នាចង់បាន គឺកញ្ញា សុខ ពិសី គេសម្គាល់ឃើញ ស្រីស្រស់សម្រស់បានរូបនេះតែងតែ បញ្ចេញនូវបទចម្រៀងរបស់ខ្លួនជាបន្តបន្ទាប់សម្រាប់កំដរអារម្មណ៍ទស្សនិកជន ពិសេសមិត្តៗយុវវ័យ។ យ៉ាងណាមិញ ពេលនេះគ្រាប់ពេជ្រសាន់ដេ សុខ ពិសី បានចេញនូវបទចម្រៀងដែលជាបទថ្មីរបស់ខ្លួន មួយបទទៀតហើយ ដែលមានចំណងជើងថា «អង្វរ» ដែលជាបទមនោសញ្ចេតនា អត្ថន័យវិញគឺកម្សត់ខ្លាំង ដែលអាចធ្វើឲ្យអ្នកទស្សនាស្រក់ទឹកភ្នែក ដោយមិនដឹងខ្លួន។

ជាការពិត មុននេះបន្តិច បុប្ផាដែលកំពុងសាយក្លិនក្រអូប ទាក់ចិត្តកន្លង់ កញ្ញា សុខ ពិសី បានបញ្ចេញបទចម្រៀងជា MV បទ«អង្វរ» ព្រមទាំងសរសេររៀបរាប់បង្កប់អត្ថន័យដែលមានរៀបរាប់ក្នុងបទចម្រៀងថា ការដែលស្រលាញ់នរណាម្នាក់ខ្លាំងជាងខ្លួនឯង ធ្វើអោយយើងបាត់សតិលែងមានភាពខ្មាសអៀន ព្រមថោកព្រមអន់តាមអង្វរគេ ព្យាយាមគ្រប់បែបយ៉ាងអោយតែបាននៅក្បែរគេ ហេតុផលតែមួយគត់គឺ មកពីស្រលាញ់ខ្លាំងរហូតលែងស្គាល់ថា ខ្លួនឯងជាអ្នកណា។

តាមរយៈការចេញចម្រៀង MV ថ្មីបទ «អង្វរ» ពីសំណាក់តារាស្រី កញ្ញា សុខ ពិសី នេះដែរគេសង្កេតឃើញមានសន្ទុះ នៃការគាំទ្រមានចំនួនកើនឡើងជាបន្តបន្ទាប់ ខណៈចំនួននៃការចូលទស្សនា និងចែករំលែក ក៏មានច្រើនផងដែរនៅលើបណ្ដាញសង្គម។ ជាមួយគ្នានេះទស្សនិកជន ក៏ដូចជាអ្នកគាំទ្រ បានធ្វើការកោតសរសើរទៅលើទឹកដមសំឡេង របស់កញ្ញា សុខ ពិសី ថាមានទឹកដម និងដាក់មនោសញ្ចេតនាបានល្អ ស្ដាប់ហើយមានអារម្មណ៍លន្លង់លន្លោចទៅតាមបទចម្រៀង ប្រៀបបានដូចជាតួអង្គក្នុងបទចម្រៀងមួយនេះតែម្ដង។

ចង់ដឹងកាន់តែច្បាស់ថា បទ «អង្វរ» ដែលជាបទថ្មីរបស់​កញ្ញា សុខ ពិសី ពីរោះលន្លង់លន្លោច និងកម្សត់យ៉ាងណានោះ សូមប្រិយមិត្តទស្សនិកជន រីករាយសណ្ដាប់ និងទស្សនាទាំងអស់គ្នា៖