(សេអ៊ូល)៖ ប្រតិបត្តិករគេហទំព័រល្បីមួយនៅកូរ៉េខាងត្បូង «Daum» បានឲ្យដឹងថា នឹងបិទកន្លែងបញ្ចេញមតិក្នុងផ្នែកនៃអត្ថបទព័ត៌មានកំសាន្តរបស់ខ្លួន បន្ទាប់ពីការស្លាប់របស់តារា K-POP ស្រី Sulli ។ នេះបើតាមការចេញសារព័ត៌មាន CNA នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩។

Sulli សមាជិកក្រុមនារី F(x) ដែលត្រូវបានទទួលរងនូវមតិអាក្រក់ពីមហាជនតាមបណ្តាញសង្គមនោះ បានទទួលមរណភាពនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងវ័យ២៥ឆ្នាំ។ ការស្លាប់របស់នាង ត្រូវបានប៉ូលិស និយាយថាដោយសារតែជំងឺបាក់ទឹកចិត្ត (Depression). ការស្លាប់របស់តារាកូរ៉េស្រីរូបនេះ ធ្វើឲ្យមនុស្សជាច្រើនសោកស្តាយ ព្រមទាំងអំពាវនាវឲ្យមានច្បាប់ ប្រឆាំងនិងការបញ្ចេញមតិ​អាក្រក់ៗលើបណ្តាញសង្គម ព្រោះករណីនេះបានកើតឡើង​លើតារាជាច្រើនរូបនាពេលបច្ចុប្បន្ន។

នៅក្នុងសេចក្តីថ្លែងការមួយ ដែលដកស្រង់ចេញពី Kakao Corp បានលើកឡើងថា «មនុស្សជាច្រើនបានយល់ស្របថា កម្រឹតនៃការបញ្ចេញមតិមិនល្អ ក្រោមផ្នែកនៃអត្ថបទព័ត៌មានកំសាន្ត គឺដល់ចំណុចមួយដែល ប៉ះពាល់យ៉ាងខ្លាំងដល់អារម្មណ៍របស់សិល្បៈហើយ»

គួរជម្រាបថា ការសម្រេចថានឹងលុបចោលកន្លែងបញ្ចេញមិត ក្រោមអត្ថបទព័ត៌មាននាងអនុវត្តន៍នៅក្នុងខែនេះ ហើយវាជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់ KaKao ជាយូរមកហើយ ក្នុងការលុបបំបាត់ការបញ្ចេញមតិមិនល្អលើបណ្តាញសង្គម៕