(ភ្នំពេញ)៖ លោក មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានអំពាវនាវដល់អ្នកពូកែបាញ់ក្រៅផ្លូវការ ចូលរួមប្រកួតលើទីលាន ដើម្បីបញ្ចេញសមត្ថភាពពិតប្រាកដ ចៀសវាងការបាញ់បោះសេរី ឬកុំបានតែបាញបង្អួតស្រីស្នេហ៍ ដែលនាំឲ្យអស់បុណ្យស័ក្ដិ ។ លោកបានថ្លែងបែបនេះ នៅក្នុងពិធីបើកការប្រកួតកីឡាបាញ់កាំភ្លើងជ្រើសរើសជើងឯកជាតិ ឆ្នាំ២០១៩ នៅទីលានកងពលតូចទ័ពពិសេសឆត្រយោង ៩១១ កាលពីព្រឹកមិញ ។

លោកបន្ដថា ការប្រកួតថ្នាក់ជាតិនេះ គឺជាការរួមចំណែកពង្រឹងនូវបទបញ្ជា និងវិន័យ ក្នុងការប្រើប្រាស់អាវុធ ដោយការអញ្ជើញអ្នកមានទេពកោសល្យពិតប្រាកដ មានទាំងសមត្ថកិច្ចផងមកចូលរួម ។ លើសពីនេះ សហព័ន្ធក៏កំពុងចម្រាញ់អ្នកពូកែបាញ់ និងមានទេពកោសល្យពិតប្រាកដ ចេញពីមហាជន និងជនស៊ីវិលមកចូលរួមប្រកួតលើទីលានដែរ ដើម្បីលុបបំបាត់ការបាញ់ប្រសេកប្រសាច់ ឬបានតែបាញ់សម្លុតប្រពន្ធ សម្លុតម៉ៃក្មេក និងបាញ់បង្ហាញស្រីស្នេយ៍ នៅតាមខារ៉ាអូខេជាដើម ។

ប្រធានសហព័ន្ធខាងលើ និយាយថា «ថ្ងៃនេះយើងចូលរួម យើងផ្សព្វផ្សាយ អ្នកដែលពូកែបាញ់ មានទេពកោសល្យ ហើយចង់បាញ់ គឺមកទីនេះ កុំទៅបាញ់តាមផ្លូវសាធារណៈ បាញ់តាមខារ៉ាអូខេបង្អួតស្រីស្នេយ៍ អាហ្នឹង ៥នាទី ១០នាទីមិនទាន់ទេ សមត្ថកិច្ច នឹងទៅអញ្ជើញហើយ ។ ចឹងកន្លែងនេះ គឺជាកន្លែងយើងបង្ហាញស្នាដៃ និងអាចទទួលបានកិត្តិយស កេរ្ដិ៍ឈ្មោះពិតប្រាកដ ហើយបើយើងពូកែពិប្រាកដមែន ក្រោយឈ្នះជើងឯកជាតិ យើងនឹងរៀបចំបញ្ជូនទៅចូលរួមប្រកួតជាបណ្ដាប្រទេសផ្សេងៗទៀតផង»

ចំពោះការប្រកួតកីឡាបាញ់កាំភ្លើងជ្រើសរើសជើងឯកជាតិ ឆ្នាំនេះ២០១៩ គ្រោងនឹងធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៧ ខែតុលាចុងសប្ដាហ៍នេះ ដោយមានកីឡាករ-កីឡាការិនី ៧៧នាក់ មកពីសមាគម/ក្លឹបចំនួន ៩ ចូលរួម ។ ចំពោះវិញ្ញាសាប្រកួតមាន ៣ គឺវិញ្ញាសាកាំភ្លើងខ្លី 22Long(បាញ់ចម្ងាយ ២៥ម៉ែត្រ), វិញ្ញាសាកាំភ្លើងវែង 22Long(បាញ់ចម្ងាញ ៥០ម៉ែត្រ) និងវិញ្ញាសាកាំភ្លើងខ្លីកម្លាំង 9mm(បាញ់ចម្ងាយ ២៥ម៉ែត្រ)៕