(ភ្នំពេញ)៖ តារាចម្រៀងស្រី​ដែលកំពុងទទួលបាន ប្រជាប្រិយភាពក្នុងផលិតកម្មរស្មីហង្សមាស កញ្ញា ពេជ្រ សូលីកា បានធ្វើឲ្យប្រិយមិត្តទស្សនិកជន ពិសេសអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែស្ងាត់ៗស្រីស្អាតរូបនេះ ស្រាប់តែ​នាងបានធ្វើពិធីភ្ជាប់ពាក្យជាមួយនឹងគូស្នេហ៍ នៅព្រឹកថ្ងៃទី២៥ខែតុលា ឆ្នាំ២០១៩នេះ បន្ទាប់ពីប្រភពបានបង្ហើបថា នាងបានផ្ដាច់ស្នេហ៍ជាមួយនឹងលោកឧត្តមសេនីយ៍មានអំណាចម្នាក់មក ​តែប្រភពនេះមិនបានបញ្ជាក់លោកឧត្តមសេនីយ៍ជានណាឡើយ។ក្នុងពិធីភ្ជាប់ពាក្យ គេឃើញអ្នកទាំង២ ​បំពាក់ចិញ្ចៀនឲ្យគ្នាទៅវិញទៅមក ដោយ​មានការចូលរួមដឹងឮ ​អបអរសាទរពីសំណាក់ចាស់ទុំទាំងសងខាង សាច់ញាតិ និងមិត្តភក្តិជិតស្និទ្ធជាច្រើននាក់។

យោងតាមគណនីហ្វេសប៊ុក​​ ​មានឈ្មោះថា «Youhay Hem» ដែលត្រូវបានគេស្គាល់ថា ជាមិត្តភិក្តជិតស្និទ្ធរបស់តារាចម្រៀង ពេជ្រ សូលីកា បាន Live ជាវីដេអូ ដែលបង្ហាញពីពិធីភ្ជាប់ពាក្យ របស់តារាចម្រៀងរូបនេះ ព្រមទាំងភ្ជាប់ជាមួយសារថា «អបអរសាទរ ពេជ្រ សូលីកា»

បន្ទាប់ពីបានដឹងដំណឹងនេះ មហាជន និងមិត្តភិក្ត ក៏ដូចជាអ្នកសិល្បៈ ក៏បានចូលរួម សម្តែងការអបអរសាទរ ដល់តារាចម្រៀង កញ្ញា ពេជ្រ សូលីកា ដែលបានរកឃើញគូអនាគត ដែលអាចរួមរស់នៅជាមួយគ្នា និងជូនពរឲ្យអ្នកទាំងពីរ កំណត់ថ្ងៃចូលរោងការ ឆាប់ៗផងដែរ។ យ៉ាងណាមិញ គេមិនទាន់ដឹងនៅឡើយទេថា ស្រីស្អាត សូលីកា និងអនាគតស្វាមី និងរៀបការនៅពេលណា​ ប៉ុន្តែក៏មានអ្នកជិតស្និទ្ធនឹងនាង បានបង្ហើបថា នាងគ្រោងរៀបការនៅឆ្នាំក្រោយនេះហើយ។

ដោយឡែក រំលេចជាមួយនឹងសម្លៀកបំពាក់ប្រពៃណីខ្មែរ ម្ចាស់បទ «តាមដាន» កញ្ញា ពេជ្រ សូលីកា ត្រូវបានមហាជន កោតសរសើរថា ស្រស់ស្អាតប្លែកភ្នែកនៅក្នុងថ្ងៃភ្ជាប់ពាក្យ រីឯគូដណ្ដឹងក៏ស្រស់សង្ហា មើលទៅគឺសមសួនគ្នាខ្លាំងតែម្ដង។

​ពេជ្រ សូលីកា ជាតារាចម្រៀងដែលកំពុងតែមានប្រជាប្រិយភាព និងការគាំទ្រពីទស្សនិកជន ទោះបីជាកន្លងមកស្រីស្អាតរូបនេះ ធ្លាប់បានឃ្លាតឆ្ងាយពីវិថីមួយនេះរាប់ឆ្នាំ។ ក្រោយពីបានប្រឡូកចូលសិល្បៈវិញ ពេជ្រ សូលីកា ក៏បានចេញនូវបទចម្រៀងជាបន្តបន្ទាប់ ហើយបទចម្រៀងទាំងអស់នោះសុទ្ធតែពេញនិយម និងមានការគាំទ្រពីទស្សនិកជន។

សព្វថ្ងៃនេះ នាងកំពុងតែគ្រប់គ្រងនៅហាង «បាយអូនអ៊ូក» ដែលបានដំណើរការ ទៅមុខយ៉ាងរលូន និងមិនបានខ្វល់ខ្វាយ រឿងខ្វះប្រាក់ចាយ ឬត្រូវមកសន្សំប្រាក់ល្អិត ពីវិស័យសិល្បៈទៀតឡើយ៕