(ភ្នំពេញ)៖ ក្រោយវះកាត់របួសដាច់សរសៃពួរជង្គង់ខាងស្ដាំដោយជោគជ័យ កាលពីដើមខែតុលាកន្លងទៅ ខ្សែប្រយុទ្ធអង្គរថាយហ្គឺរ ពេជ្រ សុវណ្ណខេមរិន្ទ្រ បានឲ្យដឹងថា ខ្លួនមានអារម្មណ៍សោកស្ដាយចំពោះបញ្ហាកំពុងជួប ហើយថាពេលខ្លះស្ទើរតែពុំចង់ឃើញគេលេងបាល់ទាត់ទៀតផង។

គួរដឹងផងដែរថា អតីតសមាជិកក្រុមបាល់ទាត់គិរីដងរែកខាងលើ បានបង្ហាញសុទិដ្ឋិនិយមចំពោះស្ថានភាពបច្ចុប្បន្ន ហើយអះអាងថា នឹងព្យាយាមជម្នះវា ដោយតាំងចិត្តអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួនតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ក្នុងក្ដីរំពឹងត្រឡប់ទៅកាន់វាលស្មៅឲ្យលឿនបំផុតតាមដែលអាចទៅរួច។

ពេជ្រ សុវណ្ណខេមរិន្ទ្រ បានបន្ថែមទៀតថា «ពេលខ្លះមិនចង់ទៅទីលានទេ ពេលឃើញគេលេងមានអារម្មណ៍តូចចិត្ត ហើយអាណិតខ្លួនឯង ដែលជួបនឹងរឿងបែបហ្នឹង។ ពេលជួបរបួសនេះ ខ្ញុំសោកស្ដាយខ្លាំង ព្រោះយើងធ្លាប់តែលេងបាល់ បែរជាត្រូវសម្រាកយ៉ាងយូរ បើគិតទៅទាំងសម្រាកពីមុនមក បូកនិងពេលដែលគ្រូពេទ្យឲ្យសម្រាកនេះទៀត ជាង១ឆ្នាំទៅហើយ។ ២ឆ្នាំកន្លងទៅ ខ្ញុំធ្វើបានល្អប្រសើរ តែចូលដល់ឆ្នាំ២០១៩ ខ្ញុំមានក្ដីស្រមៃកាន់តែធំ តែវាក្លាយជាឆ្នាំដ៏អាក្រក់បំផុតសម្រាប់ខ្ញុំទៅវិញ»

អ្វីដែលសំខាន់ផងនោះ ពេជ្រ សុវណ្ណខេមរិន្ទ្រ បានរងរបួសជង្គង់តាំងពីខែមិថុនា អំឡុងពេលហ្វឹកហាត់ជាមួយមិត្តរួមក្រុម ហើយកាលពីដើមខែតុលាកន្លងទៅ គេបានទៅពិនិត្យ និងវះកាត់នៅប្រទេសវៀតណាម ជាមួយមិត្តរួមក្រុម តាំង ពិសី។

ខេមរិន្ទ្រ ត្រូវសម្រាកព្យាបាលយ៉ាងតិចពី ៦ទៅ៨ខែ ទើបអាចវិលត្រឡប់ទៅកាន់វាលស្មៅដូចដើមវិញ៕